ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃពុធទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានបញ្ជាក់ថា៖ កាលពី១៤ឆ្នាំមុន ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូនេស្កូបានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ៩ឆ្នាំក្រោយ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោយនេះមួយថ្ងៃ តំបន់ប្រាសាទព្រៃគុក ត្រូវបានស្ថាប័នដដែលសម្រេចដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយ តំបន់ឧទ្យានអង្គរ និងប្រាសាទព្រះវិហារ។ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានសម្បត្តិវប្បធម៌ច្រើនអនេក ទាំងរូបី និងអរូបី។
បច្ចុប្បន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជាកំពុងបោះជំហានឆ្ពោះទៅមុខក្នុងការលើកកម្ពស់មុខមាត់កិត្យានុភាពនៃមរតកវប្បធម៌ដូនតាដ៏ល្អឯកទៅកាន់ពិភពលោក។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ក្រៅពីក្តីមោទនៈដែលបានកើតជាជាតិសាសន៍ដែលមានខឿនអរិយធម៌ដ៏ចំណាស់ និងល្អវិចិត្រ យើងក៏ត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ដែលជាអត្តសញ្ញាណដ៏មានតម្លៃក្នុងនាមអ្នកបន្តវេននៃអាណាចក្រអង្គរផងដែរ។ ការសិក្សា ស្វែងយល់ ពីសម្បត្តិវប្បធម៌ទាំងឡាយដែលដូនតាខ្មែរបានបន្សល់ទុក គឺជាតួនាទីរបស់យើងម្នាក់ៗ មិនមែនតែសម្រាប់រាជរដ្ឋាភិបាល អ្នកជំនាញវប្បធម៌ ឬសិល្បករ សិល្បការិនីតែប៉ុណ្ណោះទេ។ ការការពារ និងឱ្យតម្លៃលើវប្បធម៌ អរិយធម៌ផ្តើមចេញពីការស្គាល់ច្បាស់ពីខ្លួនឯង និងអ្នកដទៃ។ ការស្គាល់ខ្លួនឯងជានរណា ពិតជាមានសារៈសំខាន់ ដើម្បីយើងអាចអភិរក្ស និងអភិវឌ្ឍនូវអ្វីដែលជាភាពជាខ្មែរ។
ជាមួយគ្នានេះ យើងក៏ត្រូវរក្សានូវគុណធម៌ បើកចិត្តទូលាយក្នុងការរៀនរស់នៅក្នុងសហគមន៍វប្បធម៌ចម្រុះ ដោយមិនត្រូវប្រកាន់ជំហរមិនសមហេតុផល ឬហិង្សានិយមដើម្បីបង្ករជាការរើសអើង និងជម្លោះជាតិសាសន៍នោះឡើយ។
ជាចុងក្រោយ លោក សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងនៅលើពិភពលោក ចូលរួមចំណែកថែរក្សា ការពារ សម្បត្តិវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយ និងរក្សាគុណតម្លៃខ្ពស់នៃមរតកទាំងអស់នោះ ប្រកបដោយការទទួលខុសត្រូវ និងទស្សនៈវិជ្ជមាន បើកទូលាយ៕
ដោយ៖សហការី