ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាប ៖ យុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំបាទមានក្តីរំភើប និងរីករាយបំផុត ដែលសម្តេចនាយករដ្ឋមន្ត្រី និងគណៈកម្មការចាក់វ៉ាក់សាំង បានសម្រេចផ្តល់វ៉ាក់សាំងមកខេត្តសៀមរាបយើង។ លោកថ្លែងបន្តថា, ខ្ញុំបាទ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត សូមគោរពថ្លែងអំណរគុណ សម្តេចនាយក ដែលតែងតែយកចិត្តទុកដាក់មកលើខេត្តសៀមរាប និងប្រជាជនទូទាំងប្រទេស។

លោក ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានលើកឡើងថា, ខ្ញុំបាទសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពីកិច្ចការងារនេះ ដោយយើងនឹងទទួលបាន វ៉ាក់សាំងជាបន្តបន្ទាប់ រហូតឈានដល់”ការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា” តាមផែនការ ដោយ៖
– ជំហានទី១ គឺប្រជាជនក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ក្នុងរយះពេល១៤ថ្ងៃ។
– ជំហានទី២ គឺ ស្រុកទាំង១១ នឹងបញ្ជាក់ពេលវេលា នៅពេលដែលយើងនឹងទទួលវ៉ាក់សាំងមកដល់ខេត្តយើងបន្ទាប់ទៀត។

ក្នុងនោះខ្ញុំបាទសូមអំពាវនាវដល់បងប្អូនប្រជាជនយើងដូចតទៅ៖
១. រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ
២. សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន
៣. ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរងចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។
៤. សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ
៥. ចំពោះប្រជាជនក្រៅខេត្តសៀមរាបសូមរងចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែងទៅតាមបណ្តាខេត្តរបស់លោកអ្នក។

ក្នុងនាមអាជ្ញារធរខេត្ត ខ្ញុំបាទសូមទទូច ឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាអនុវត្តតាមការណែនាំទាំង៥ចំនុចខាងលើ ដើម្បីទប់ស្កាត់ហានិភ័យ ការឆ្លងរាលដាល និងការចាត់ចែងគ្រប់គ្រងចំនួនបងប្អូនដែរត្រូវចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធភាព និងរលូន។

#ការពារខ្លួនឯង៖ ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ៖ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ៖ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖