ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារ​មង្គល​បូរី ត្រូវបានបិទខ្ទប់ដោយសារ​ផ្ទុះ​កូ​វីដ​១៩ ដោយក្រុមអាជីវករ ទៅ​កកកុញ នៅ​ផ្សារ​តា​យ៉ាវ ធ្វើឱ្យ​ម្ចាស់​ផ្សារ សុំ​បិទ​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័​យ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាផ្សារ​មង្គល​បូរី នៅ​ក្នុងឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ត្រូវ​អាជ្ញាធរ ប្រកាស​ឲ្យបិទ​ខ្ទប់ ជា​បណ្ដោះអាសន្ន ដោយសារ​ផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ។​

ដោយឃើញ​យ៉ាងដូច្នោះ ក្រុមអាជីវករ​មួយចំនួន បាននាំគ្នា​បង្វែរ​ទិសដៅទៅ លក់ដូរ​របស់ខ្លួន ទៅ​កកកុញ នៅ​ផ្សារ​មង្គល​បូរី​ថ្មី ឬហៅ ផ្សារ​តា​យ៉ាវ នៅ​ជិតខាង​គ្នា​នោះបានតែ ១ ថ្ងៃប៉ុណ្ណោះ ។
នៅទីបំផុតរសៀល ថ្ងៃទី​៧ និង​ព្រឹក ថ្ងៃទី​៨ ខែកក្កដា ម្ចាស់​ផ្សារ
នេះសុំ​ការអន្តរាគមន៍ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បិទ​ខ្ទប់​ផ្សារ​នោះដែរ ព្រោះ​វា​មាន ហា​និភ័យ​ខ្ពស់ ក្នុងការ​ផ្ទុះ​មេរោគ​កូ​វីដ-១៩ ដែរ ។ ប៉ុន្តែ គេ​សង្កេតឃើញ​អាជីវករ ពិសេស​អ្នកលក់ ម្ហូបអាហារ និង​របស់​ប្រើប្រាស់ បាន​នាំទៅ​លក់ដូរ រាយប៉ាយ នៅ​ខាងក្រៅ​រោង​ផ្សារ ឬ​តាម​ចិញ្ចើមផ្លូវទៅវិញ។

​លោក ពិន សេង​ហាប់ អភិបាលរង​ស្រុក​មង្គល​បូរី បាន​ថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយនៅ​ថ្ងៃទី​៨ ខែកក្កដា​ថា ករណីនេះ ម្ចាស់​ផ្សារ​មង្គល​បូរី​ថ្មី ឬ ហៅផ្សារ​តា​យ៉ាវ ក៏​បារម្ភ​ខ្លាំង​ដូច​អាជ្ញាធរ មាន​សមត្ថកិច្ច​ដែរអំពី​លទ្ធភាព នៃ​ការឆ្លង​រីក​រាលដាលនៃ ជំងឺ​កូ​វីដ -១៩នេះ ហើយក៏​សុំ​បិទ ខ្ទប់​តែម្តងទៅ ។ ដោយក្នុងនោះ​មកពី​គាត់ យល់ថា ផ្សារ​មង្គល​បូរី ដែលជា​ផ្សារ​ធំជាងគេ​បង្អស់ នៅ​ទីរួមស្រុក មាន​មនុស្ស​ច្រើន​អ៊ូអរ ទើប​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩ ។​

​សូមបញ្ជាក់ថា ក្រុមការងារ​គ្រូពេទ្យ ជួរមុខ នៅតែ​បន្ត​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ-១៩ ក្រោយ​បិទ​ខ្ទប់ ផ្សារ​មង្គល​បូរី​នៅ​ស្រុក​មង្គល​បូរីជាបន្តបន្ទាប់។

លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បានអោយដឹង កាលពី​ថ្ងៃទី​៨ កក្កដា​ថា អាជីវករ​លក់ដូរ នៅ​ក្នុងផ្សារ​មង្គល​បូរី ត្រូវបាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ-១៩ ចំនូ​ន​ជាង ៣០ នាក់ ហើយ​ចេះតែ​បន្ត​រកឃើញ បន្ថែមទៀត ។
ជាមួយគ្នានេះ អាជ្ញាធរ​ស្រុក បាន​បន្ត​អំពាវនាវ​អោយ​អ្នក​ប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ ត្រូវតែ​ចេញមក​ផ្តល់​និងយកសំណាក​រក​មេរោគ​កូ​វីដ-​១៩ អោយបានគ្រប់គ្នាក្នុងនោះ ទីតាំង​យក​សំណាក បាន​ប្តូរ​ពី​វត្ត​ឫស្សី​ក្រោក ទៅ​នៅ​រួមគ្នា ជាមួយនឹង​កន្លែងយក​សំណាក​នៅក្នុង មណ្ឌល​ច​ត្តា​ឡី​ស័កវិទ្យាល័យ​មង្គល​បូរី​តែម្តង​៕

ដោយ៖ អរុណរះ


ចែករំលែក៖