ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង : នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០២,៩៩៥គ្រឿង រួមមានម៉ូតូល្មើសចំនួន៧៧,៧៩៤គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា, បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២១។

នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០២,៩៩៥គ្រឿង រួមមានម៉ូតូល្មើសចំនួន៧៧,៧៩៤គ្រឿង ក្នុងចំណោមនោះការល្មើសដោយសារមិនពាក់មួកសុវត្ថិភាពមាន៩០ភាគរយ សញ្ញាចរាចរណ៍៦ភាគរយ ផ្លាកលេខ២ភាគរយ ទូរស័ព្ទ២ភាគ និងបើកបរទាំងស្រវឹង១ភាគរយ។ រកឃើញរថយន្តល្មើសចំនួន ២៨,២០១គ្រឿង (រថយន្តធំជាង៦០០គ្រឿង) ហើយក្នុងចំណោមនោះរថយន្តល្មើសខ្សែក្រវ៉ាត៥២ភាគរយ ល្បឿន១៦ភាគរយ ទូរស័ព្ទ១០ភាគរយ សញ្ញាចរាចរណ៍៧ភាគរយ ផ្លាកលេខ៥ភាគរយ ល្មើសចំណុះ ៤ភាគរយ បណ្ណបើកបរ៤ភាគរយ ស្រវឹង១ភាគរយ ឆៀក១ភាគរយ និងអាជីវកម្ម១ភាគរយ។

នៅក្នងរយៈពេល១ឆមាសនេះដែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១២៦១លើក (ជាង៥០ភាគរយកើតឡើងពេលយប់) បណ្ដាលឱ្យស្លាប់មនុស្ស៧០៩នាក់ និងរបួស ១៧៩២នាក់ ក្នុងនោះរបួសធ្ងន់១០៤៦នាក់។ តួលេខនេះ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ ក្នុងនោះស្លាប់១៥២នាក់ ស្មើនឹង១៨ភាគរយ និងរបួសថយ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ មូលហេតុនៃគ្រោះថ្នាក់ គឺពាក់ព័ន្ធនឹងល្បឿន៣៤ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ បត់៩ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បន្តទៀតថា,សម្រាប់រយៈពេល៦ខែដើមឆ្នាំនេះ ភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ច្រើន គឺរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់៣៤០លើក ខេត្តកណ្តាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។ ចំណែកគ្រោះថ្នាក់រថយន្តដឹកកម្មករវិញ បានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ដែលបណ្ដាលឱ្យកម្មកររបួសសរុបចំនួន២៧៦នាក់។ បញ្ហាប្រឈម គឺបទល្មើសមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ និងល្មើសល្បឿននៅតែមានអត្រាខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះដែលស្លាប់មាន៧៨ភាគរយជាអ្នកជិះម៉ូតូ និង៦៩ភាគរយមិនពាក់មួកសុវត្ថិភាព។

សម្តេចក្រឡាហោម ស ខេង បន្តថា, ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវជនរួមជាតិទាំងអស់ សូមប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។ បើស្រលាញ់អាយុជីវិតអ្នក និងក្រុមគ្រួសារអ្នក ព្រមទាំងគោរពជីវិត និងសេចក្ដីសុខអ្នកដទៃ សូមរួមគ្នាគោរពច្បាប់ឱ្យបានល្អ។ នៅពេលយើងគ្រប់គ្នាគោរពច្បាប់បានល្អ នោះនឹងធ្វើឱ្យស្ថានភាពចរាចរណ៍នៅក្នុងប្រទេសយើងមានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់ របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើងកិត្តិយសជាតិផងដែរ។

ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!
-ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព!
-បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់!
-គោរពសញ្ញាចរាចរណ៍ បើកបរសុវត្ថិភាព! សូមអរគុណ! ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖