ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ! កម្ពុជាបានចំណូលជិត៦ពាន់លានដុល្លារ បានពីការនាំចេញទំនិញ

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានបញ្ជាក់ថា​ កម្ពុជា​ គិត​ត្រឹម​រយៈពេល៥ខែដើមឆ្នាំ២០២១នេះ​ បាននាំចេញទំនិញសម្រេចបានក្នុងទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារ កើនឡើង១.៦% បើបៀបធៀប នឹងរយៈពេលដូចគ្នានៅក្នុង២០២០។

របាយការណ៍ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា​៖ «រយៈពេល៥ខែ ឆ្នាំ២០២១ ការនាំចេញទំនិញ សម្រេចបាន ក្នុងទំហំទឹកប្រាក់ចំនួន ៥ ៩៨២លានដុល្លារ (ស្មើនឹង ២០.៨% នៃផសស) បានកើនឡើង ១.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចេញកង់ និងទំនិញផ្សេងៗ»។

ជាមួយគ្នានេះ​ ការនាំចូលទំនិញ (ដកមាសចេញ) សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៨ ៦៦៤ លានដុល្លារ (ស្មើនឹង ៣០.២% នៃផសស) បានកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូលក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ធនៈ និងទំនិញផ្សេងៗ។

របាយការណ៍ដដែលកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។

ដោយឡែក​ការនាំចេញសម្លៀកបំពាក់និងផលិតផលកាត់ដេរ, ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ, សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេសបាន និងកំពុងបន្តធ្លាក់ចុះគិតត្រឹមខែឧសភា ឆ្នាំ២០២១។

ទោះបីជាយ៉ាងនេះក្តី, ការនាំចេញក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដូចជា កង់, គ្រឿងបង្គុំអេឡិចត្រូនិក, ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ។

បន្ថែមពីនេះ​ របាយការណ៍​ ក៏បានសង្កត់ធ្ងន់ថា ជារួមសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចដៃគូពាណិជ្ជកម្ម របស់កម្ពុជា, កំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជា៕ដោយ​៖សហការី​


ចែករំលែក៖