ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋទីក្រុងចាការតាតម្រង់ជួរចាំបញ្ចូលអុកស៊ីហ្សែន

ចែករំលែក៖

មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានឱ្យដឹងថា នៅថ្ងៃទី១១ខែកក្កដា មានករណីស្លាប់ដោយកូវីដ-១៩ រហូតដល់ទៅ ១០០៧នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
អ្នកជំងឺកូវីដ-១៩ កើនឡើងខ្ពស់ ក្នុងនោះមានអ្នកជំងឺធ្ងន់ជាច្រើន តម្រូវការជំនួយដង្ហើមដោយអុកស៊ីហ្សែន។ ពីមុនពលរដ្ឋនាំគ្នាសម្រុកទិញបំពង់អុកសុីហ្សែន ហើយពេលនេះនាំគ្នាតម្រង់ជួរបញ្ចូលអុកស៊ីហ្សែនវិញម្តង។
កាលពីខែឧសភា ឥណ្ឌូនេស៊ីនៅមិនទាន់ធ្លាក់ចូលក្នុងស្ថានភាពខ្វះ
អុកស៊ីហ្សែននោះឡើយ ហើយឥណ្ឌូនេស៊ីបានផ្តល់ជំនួយបំពង់អុកស៊ីហ្សែនរាប់ពាន់បំពង់ឲ្យទៅប្រទេសឥណ្ឌា ក្នុងពេលដែលប្រទេសនេះប្រឈមកង្វះអុកស៊ីហ្សែនយ៉ាងខ្លាំង ។ តែពេលនេះឥណ្ឌូនេស៊ីប្រឈមនិេងកង្វះអុកស៊ីហ្សែនយ៉ាងខ្លាំង ដោយអ្នកជំងឺកើនឡើងខ្ពស់ ។
លោក Luhut Binsar Pandjaitan មន្ត្រីទទួលបន្ទុកទប់ស្កាត់កូវីដ-១៩ ក្នុងប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា កាលពីថ្ងៃទី៩ខែកក្កដា បំពង់អុកស៊ីហ្សែនចំនួន១០០០បំពង់ ព្រមទាំងសម្ភារពេទ្យជាច្រើនទៀតបានបញ្ជូនពីប្រទេសសិង្ហបុរីមកជួយដល់ឥណ្ឌូនេស៊ី។ បន្ទាប់មកអូស្ត្រាលីក៏បានបញ្ជូនម៉ាស៊ីនជំនួយដង្ហើមចំនួន១០០០គ្រឿងមកជំនួយផងដែរ។
លោក Luhut Binsar Pandjaitan បញ្ជាក់ថា ឥណ្ឌូនេស៊ីមានគម្រោងទិញអុកស៊ីហ្សែន២៦ពាន់តោន និងម៉ាស៊ីនផលិតអុកស៊ីហ្សែន១០ពាន់គ្រឿងពីប្រទេសជិតខាងសិង្ហបុរី។ នៅពេលនេះឥណ្ឌូនេស៊ីក៏បានទំនាក់ទំនងសំុជំនួយអុកស៊ីហ្សែនពីប្រទេសចិនផងដែរ៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖