ភ្នំពេញ៖ ចាយពេលលើការងារសិល្បៈជាង១០ឆ្នាំកន្លងមកនេះ តារាកំប្លែងរួមក្រុមនាយពែកមី គឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង អាចឈានដល់
ចំណុចលេចធ្លោរមួយ និងអាចឲ្យនាងប្រែប្រួលទាំងជីវភាពផងដែរ។ ប៉ុន្តែថ្មីៗនេះនាងបែជាប្រកាសអំពីគម្រោងនៃការចាកចេញពីវិស័យសិល្បៈនេះទៅវិញរហូតនាងនិយាយបណ្តើរស្រក់ទឹកភ្នែកបណ្តើរថែមទៀតផង។
គេចាំបានថា អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានក្លាយជាតារាកំប្លែងល្បីឈ្មោះនៅអំឡុងឆ្នាំ២០០៩ក្រោយពីនាងបានចូលរួមប្រកួតក្នុងកម្មវិធីជ្រើសរើសតារាកំប្លែងតាម រយៈកម្មវិធី«មហាកំប្លែង»។ នាងចាប់ផ្តើមមានឈ្មោះបោះសំឡេងចាប់ពីពេលនោះមករហូតមានឱកាសចេញថតភាពយន្ត និងការងារសិល្បៈមួយចំនួនទៀត ។ ទោះជាយ៉ាងណាមួយរយៈចុងក្រោយនេះនាងខកខានក្នុងការបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ ដោយមានតែការបង្ហាញមុខ Liveលក់ផលិតផលចំណីអាហារមួយចំនួនរបស់នាងតែប៉ុណ្ណោះ។
នៅមិនទាន់ទម្លាយអំពីមូលហេតុនៅពីក្រោយការចាកចេញពីវិស័យសិល្បៈនេះនៅឡើយទេ ប៉ុន្តែតារាស្រីកូន២រូបនេះ ទទួលស្គាល់ថានាងមានឈ្មោះល្បី ទស្សនិកជនច្រើនគឺដោយសារសិល្បៈ ប៉ុន្តែនាងក៏មានរឿងរ៉ាវក្នុងចិត្តជាច្រើនដែលមិនអាចនិយាយបានក្រោយពីនាងលេចមុខក្នុងវិស័យសិល្បៈ។នាងថានឹងលាតត្រដាងហេតុផលមួយចំនួនដែលនៅពីក្រោយការលាឈប់ពីវិស័យសិល្បៈក្រោយពីនាងទទួលបានកិច្ចសន្យាកុងត្រាបញ្ចប់ការងារមួយ ហើយនាងមានហេតុមានផល និងនាងក៏មិនខ្មាសអៀនក្នុងការបញ្ជាក់ឡើយ។ នាងថាបច្ចុប្បន្ននាងបានស្នើសុំក្នុងការលាឈប់ពីការងារហើយ ហើយនាងក៏សប្បាយចិត្តនឹងការលក់តាមអនឡាញលក់ប្រហុកផ្អក និងរំពឹងថាទស្សនិកជនស្រលាញ់ចូលចិត្តនាងក្នុងនាមជានាង។នាងស្នើកុំទុក្ខនាងជាអ្នកសិល្បៈបន្តទៀត គឺស្រលាញ់ និងចាត់ទុកនាងជាអ្នកលក់អនឡាញម្នាក់ទៅបានហើយ។ នាងការសម្រេចចិត្តធ្វើហើយគឺមិនសោកស្តាយនោះទេ ហើយអ្វីដែលនាងស្រក់ទឹកភ្នែកគឺដោយក្តីរំភើបនឹងការលើកទឹកចិត្តរបស់អ្នកគាំទ្រ ហើយការLiveបញ្ជាក់រឿងនេះមិនមែនដើម្បីជាការយកចំណាប់អារម្មណ៍លក់ផលិតផលឡើយ។ នាងថាសម្រាប់ទស្សនិកជនដែលចង់ឃើញនាងបន្តសម្តែង នាងនឹងបញ្ចេញវីដេអូខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ ហើយមូលហេតុនៅពីក្រោយការចាកចេញនេះនាងនឹងបញ្ជាក់ឲ្យទស្សនិកជនបានដឹងច្បាស់ក្រោយពីលិខិតលាឈប់ពីការងារសិល្បៈរបស់នាងនៅក្នុងស្ថានីយទូរទស្សន៍ត្រូវបានបញ្ចេញនោះ៕
ដោយ៖វឌ្ឍនា