ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងតំបន់ការពារធម្មជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន និង Cambodia Amazing Trip Planner បានសហការគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រនៅដែនការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ដើម្បីលើកស្ទួយជីវភាពប្រជាជន និងបង្កើនគោលដៅទេសចរណ៍ធម្មជាតិ។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅថ្ងៃអង្គារទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២១។

នេះជាដំណាក់កាលទី១ ដែលក្រសួងបរិស្ថាននិង Cambodia Amazing Trip Planner បានចាប់ដៃគ្នាសិក្សា ស្រាវជ្រាវ និងកំណត់ទិសដៅទស្សនាចរ នៅដែនការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជីវភាពប្រជាជនក្នុងតំបន់ និងចូលរួមអភិរក្សធនធានធម្មជាតិ វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត តាមរយៈវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារទាំង០៣ខាងលើនេះ។ ការសិក្សា និងការអនុវត្តគម្រោងនេះ បានចូលរួមពីក្រុមការងារមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងបរិស្ថាន ឧទ្យានុរក្ស ក្រុមការងារបច្ចេកទេសរបស់ Cambodia Amazing Trip Planner តំណាងសហគមន៍មូលដ្ឋាន និងក្រុមយុវជនស្ម័គ្រចិត្ត សរុបចំនួន ២០នាក់ ដោយប្រើប្រាស់ថវិកាបានមកពីការចូលរួមបដិភាគ ពីមូលនិធិបរិស្ថាន និងសង្គមនៃក្រសួងបរិស្ថាន និងថវិការបស់ Cambodia Amazing Trip Planner​។

ជាលទ្ធផលជំហានដំបូង ក្រុមការងារបានកំណត់នូវសក្តានុពលដែលមាននៅឧទ្យានជាតិភ្នំគូលែន កំណត់បានគោលដៅទស្សនាចរ និងបានកត់ត្រាឯកសារកំណត់ទីតាំង កំណត់អត្តសញ្ញាណតំបន់ ដើម្បីរៀបចំជាទិសដៅទស្សនាចរ និងដើម្បីលើកស្លាកសញ្ញាសម្គាល់គោលដៅទេសចរណ៍សំខាន់ៗ និងស្លាកសញ្ញាអប់រំបរិស្ថាន។ ទន្ទឹមនឹងនេះ ក្រុមការងារផលិតបាននូវរូបភាព និងវីដេអូ ដែលបង្ហាញអំពីអត្តសញ្ញាណតំបន់ កញ្ចប់សេវាកម្មរបស់សហគមន៍ និងសក្តានុពលទេសចរណ៍ វប្បធម៌ និង ធម្មជាតិដែលមាននៅលើភ្នំគូលែន។

លើសពីនេះ ក្រុមការងារបានជួបប្រទះដោយចៃដន្យនូវ “ឈើក្លាយជាថ្ម – គគីរថ្ម” Petrified Wood ដ៏ធំដែលមានប្រវែងប្រមាណ ២០ម៉ែត្រ ក្នុងពេលបំពេញការងារនៅចំណុចពើងស្រឡៅ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ និងជាមន្ត្រីជំនាញ នៃនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងបរិស្ថាន បានលើកឡើងថា៖ “លើសពីសក្តានុពលវប្បធម៌ប្រវត្តិសាស្ត្រដែលមាននៅលើភ្នំគូលែននេះ ការរកឃើញគគីរថ្ម មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសិក្សាផ្នែកផូស៊ីល និងជាចំណែកមួយទាក់ទាញអ្នកស្រាវជ្រាវដែលមានបំណងចង់ស្វែងយល់បន្ថែមពីសំណាករុក្ខជាតិដែលបានបន្សល់រាប់ពាន់ឆ្នាំនៅលើភ្នំគូលែន”។

លោក សា ឌីណា ជាប្រធានគម្រោង និងជាស្ថាបនិក Cambodia Amazing Trip Planner បានក៏ឱ្យដឹងដែរថា៖ “តាមរយៈការចុះសិក្សាគម្រោងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នេះ ក្រុមការងារបានទទួលទិន្នន័យថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងសក្តានុពលធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងសហគមន៍ ដើម្បីចងក្រងជាព័ត៌មានទេសចរណ៍ និងលើកតម្លៃភ្នំគូលែនជាគោលដៅសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។” លោកក៏បានបន្ថែមទៀតថា “ការលើកតម្លៃសក្តានុពលធម្មជាតិ និងវប្បធម៌ នៅលើភ្នំគូលែន និងការទាក់ទាញភ្ញៀវទេសចរ ជាកត្តាចម្បងដែលជម្រុញឱ្យមានការចូលរួមក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងបង្កើនប្រាក់ចំណូលបន្ថែមដល់សហគមន៍មូលដ្ឋាន”។

កញ្ញា ស្រ៊ុន គីមលុយ តំណាងក្រុមយុវជនស្ម័គ្រចិត្ត បង្ហាញចំណាប់អារម្មណ៍ថា “ពីមុននាងមកលេងភ្នំគូលែនជាមួយក្រុមគ្រួសារ បានស្គាល់ត្រឹមតែ ព្រះអង្គធំ និងទឹកជ្រោះប៉ុណ្ណោះ ប៉ុន្តែក្រោយពីបានចូលរួមជាយុវជនស្ម័គ្រចិត្ត និងបានមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ នាងបានយល់ដឹង និងស្គាល់កន្លែងថ្មីៗជាច្រើន ជាពិសេសគឺវិសាលភាព និងសក្តានុពលដ៏អស្ចារ្យ ដែលមាននៅភ្នំគូលែន”។

ដោយ​ឡែក​លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន​ បានមានប្រសាសន៍ថា៖ “គម្រោងកិច្ចសហការរវាងក្រសួងបរិស្ថាន និងCambodia Amazing Trip Planner នេះធ្វើឡើងស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ដែលបានកំណត់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ”ភ្នំគូលែន” ជាតំបន់ទេសចរណ៍អទិភាព០១ ក្នុងចំណោមតំបន់ទេសចរណ៍អាទិភាពទាំង០៦នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍ខេត្តសៀមរាប។” លោកបន្តទៀតថា “ស្ថិតក្នុងបរិបទវិបត្តិកូវីដ១៩ នេះ ក្រសួងបរិស្ថាន បាននិងកំពុងសិក្សា ពីសក្តានុពលធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិដទៃទៀតដូចជា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងបំណងពង្រីកគោលដៅទេសចរណ៍ធម្មជាតិឱ្យកាន់តែទូលំទំលាយដើម្បីត្រៀមទាក់ទាញភ្ញៀវទេសចរនៅក្រោយវិបត្តិកូវីដ១៩”។

ភ្នំគូលែនជារាជធានីដ៏ពិសិដ្ឋដែលបានសាងសង់នៅលើភ្នំ និងជាកន្លែងដែលព្រះមហាវីរក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី២ បានប្រកាសលទ្ធិទេវរាជនា ឆ្នាំ៨០២ នៃ គ.ស ដែលរាជធានីនោះមានឈ្មោះហៅថា “មហេន្ទ្របព៌ត” ។ ទីស្ថានដ៏ពិសិដ្ឋនេះជានិម្មិតរូបនៃការរួបរួមអាណាចក្រចេនឡាទឹក និងចេនឡាគោក ជានិម្មិតរូបនៃឯករាជ្យភាពពី ប្រទេសជ្វា និងជាការចាប់ផ្តើមនៃអាណាចក្រអង្គរ ឬមហាអាណាចក្រខ្មែរ។ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន​​» ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ១៩៩៣ និងព្រះរាជក្រមលេខ រស/នកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីអំពីតំបន់ការពារធម្មជាតិ។​ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម​«​ភ្នំគូលែន» មានផ្ទៃដីសរុប ៣៧ ៥០០ ហិចតា និងមានតួនាទីសំខាន់សម្រាប់រក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ៕

ដោយ​៖សហការី​(ប្រភពពី​៖ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងCambodia Amazing Trip Planner)

 

 


ចែករំលែក៖