ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលសុខត្រូវខ្ពស់ នឹងការយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំង និងសកម្មភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ខណៈដែលក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះលោក ម៉ុម សារឿន បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយ ត្រូវបន្តអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេសគឺអនុវត្ត ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា។
ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានផ្ដល់វ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ នឹងកាត់បន្ថយនៃអត្រាឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ ៖ សិលា