ព័ត៌មានទាន់ហេតុការណ៍៖

សត្វ​ខ្លា​ពពកមួយ​ក្បាល ត្រូវ​បានលោកស្នងការ​ខេត្តកំពត ជួយ​សង្គ្រោះ​ពី​កណ្តាប់ដៃ​ព្រានព្រៃ

ចែករំលែក៖

ខេត្ត​កំពត​៖ សត្វ​ខ្លា​ពពកមួយ​ក្បាល​ ត្រូវ​បានលោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត និង​មន្ត្រីក្រោមឱវាទ ជួយសង្គ្រោះ​ដោយ​ទិញពី​ព្រានព្រៃ រួច​យកទៅប្រ​លែង​ចូលក្នុង​ព្រៃ​វិញ។ ​

បេី​តាមការបញ្ជាក់ពី​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បានថ្លែងឱ្យដឹងនៅ​រសៀលថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់ពីលោកទទួលបានដំណឹងអំពី​ការដាក់​អន្ទាក់​របស់​ពលរដ្ឋស្ថិតនៅឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ដាក់ជាប់​សត្វ​ខ្លា​ពពកមួយ​ក្បាល​ និង​យោង​តាមប្រសាសន៍​ណែនាំរបស់លោក​ សាយ​ សំអាល់​ ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ទើប​លោក និង​មន្ត្រីក្រោម​ឱវាទ សម្រេចចុះទៅដល់ទីតាំង​ខាងលេីនេះ​ ​ដើម្បី​ទិញ​សត្វ​កម្រ​នេះយកទៅ​លែង​ចូលក្នុងព្រៃ​វិញ​។​

​លោកស្នងការខេត្ត​ ថ្លែងបន្តថា​ ព្រោះតែ​ស្ថានភាព​សត្វ​ខ្លា កំពុងមាន​របួស​ដោយ​សារខ្សែ​អន្ទាក់ ដូច្នេះ​លោក ត្រូវ​ប្រើ​ពេលវេលា ដើម្បី​ព្យាបាល​សិន​។ នៅពេល​សុខភាព បានល្អ​ប្រសើរ​ឡើងវិញ លោក​នឹង​នាំយកទៅ​លែង នៅក្នុង​ព្រៃ ទី​ដែលមាន​សុវត្ថិភាព សម្រាប់​សត្វ ដែល​កំពុង​ប្រឈម នឹង​ការ​ជិត​ផុត​ពូជ​នេះ​។​

​គួរជម្រាបថា សត្វខ្លា​ពពក ជា​ប្រភេទ​សត្វ​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ នៅលើ​ពិភពលោក ដែល​ត្រូវបាន​ចុះ ក្នុង​បញ្ជី​ក្រហម អាយ​.​យូ​.​ស៊ី​.​អិន និង​បញ្ជី​ឧ​ប​សម្ពន្ធ​សាយ​តេស ដែលជា​ប្រភេទ​សត្វ ងាយ​ទទួលរង នូវ​ការគំរាមកំហែង ដោយសារ​ការ​បរបាញ់ ក៏ដូចជា ការខ្វះ​ជម្រក​ជាដើម​។​​គួរបញ្ជាក់ថា​ សត្វ​ប្រភេទ​នេះ កំពុង​ឈានទៅរក​ការបាត់បង់ ដោយ​មកដល់​បច្ចុប្បន្ន ត្រូវបាន​ផុត​ពូជ នៅ​ប្រទេស​បង់​ក្លា​ដេ​ស សឹង្ហ​បូរី និង​តៃវ៉ាន់​។ ខណៈដែល​នៅក្នុងប្រទេស​កម្ពុជា សត្វខ្លា​ពពក​នេះ​ កំពុងតែ​មាន​វត្តមាន នៅ​ភូមិភាគ​ឦសាន និរតី និង​ភាគ​ខាងជើង​៕ដោយ​៖សហការី​


ចែករំលែក៖