ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន និងដកហូតថ្នាំញៀនបាន៣កញ្ចប់ធំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង២៥នាទី នៅចំណុចបន្ទប់ជួលលេខ៨ ជាន់ទី២ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ទី១-ឈ្មោះសាន វណ្ណី ហៅអំបិល ភេទប្រុសអាយុ២៥ឆ្នាំ និងទី២-ឈ្មោះជ័យ វីរ:ពង្សភេទប្រុស អាយុ១៧ឆ្នាំ ។
ជនសង្ស័យទាំង២នាក់នេះរស់នៅក្នុងបន្ទប់ជួលលេខ៨ ជាន់ទី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ចំណែកវត្ថុតាងដកហូតបានមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ធំ, ម៉ូតូម៉ាកស្គូពីពណ៌ក្រហម១គ្រឿងពាក់ស្លាកលេខកណ្តាល១N-៤២៥០។
ប្រភពដដែលបន្តថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់តាខ្មៅបានដើរល្បាត លុះមកដល់ចំណុចផ្ទះជួលក្រោយរោងចក្រគីមសេង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក៏មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា ជនសង្ស័យ២នាក់ខាងលើកំពុងជួញដូរគ្រឿងញៀន។ ភ្លាមនោះកម្លាំងប៉ុស្ដិ៍តាខ្មៅបានជួបហើយឃាត់ខ្លួន រួចសុំឆែកឆេរ បើកកែបម៉ូតូក៏បានរកឃើញម្សៅសថ្លាសង្ស័យថាសារធាតុញៀនចំនួន៣កញ្ចប់ធំដាក់ក្រោមកែបម៉ូតូ រួចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងវត្ថុតាងបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ