ខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea កីឡាករ Olivier Giroud បានផ្លាស់ទៅលេងនៅក្លិបអ៊ីតាលី AC Milan ជាផ្លូវការហើយ ក្នុងតម្លៃខ្លួនមួយដែលមិនត្រូវបានបង្ហាញបន្ទាប់ពីចំណាយពេល៣ឆ្នាំនៅឯកីឡដ្ឋានStamford Bridge ។
បើតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយ Chelsea ពីក្រុម Arsenal ក្នុងតម្លៃ១៨លានផោនកាលពីខែមករា ឆ្នាំ២០១៨ ។
កីឡាករវ័យ៣៤ឆ្នាំរូបនេះបានថ្លែងអំណរគុណដល់ក្រុមតោខៀវនៅលើបណ្តាញសង្គម Twitter សម្រាប់ “អនុស្សាវរីយ៍ពិសេស” ដោយនិយាយថា គាត់កំពុងចាប់ផ្តើមដំណើរថ្មីដោយមានពន្លឺនិងបេះដូងរីករាយ ។ គាត់បានសរសេរថា “ជ័យជំនះរបស់យើងក្នុងពានរង្វាន់ FA Cup Europa League និង Champions League ពិតជាអស្ចារ្យណាស់” ។
Giroud បានបន្ថែមទៀតថា “ចំពោះក្រុមតោខៀវទាំងអស់មិត្តរួមក្រុម និងគ្រូបង្វឹកទាំងអស់របស់ខ្ញុំ និងក្លិបទាំងមូលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាពិសេសទាំងនេះ” ។
កីឡាកររូបនេះរកគ្រាប់បាល់បាន១១គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតសម្រាប់ក្រុមម្ចាស់ជើងឯក Champions League តោខៀវ Chelsea កាលពីរដូវកាលមុន ប៉ុន្តែទើបតែធ្វើបាន៨ប្រកួតប៉ុណ្ណោះនៅ Premier League ។
ក្រុមតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kai Havertzនិង Timo Werner របស់អាល្លឺម៉ង់កាលពីរដូវក្តៅមុនដែលមានន័យថា Giroud បានកាត់បន្ថយពេលវេលាលេងនៅក្នុងរដូវកាលលីគ ២០២០-២០២១ ។
ខ្សែប្រយុទ្ធរូបនេះរកបាន៣៩គ្រាប់ក្នុងការបង្ហាញខ្លួន១១៩ប្រកួតឲ្យក្រុមតោខៀវជាសរុបដោយឈ្នះពានរង្វាន់ Champions League, Europa League និង FA Cup ។
Olivier Giroud ដែលឈ្នះពានរង្វាន់ FA Cup ចំនួន៣ដងជាមួយក្រុម Arsenal បានធ្លាក់ចេញពីតំណែងជាកីឡាករបម្រុងក្នុងការបរាជ័យនៅយូរ៉ូឆ្នាំ ២០២០ របស់បារាំងទល់នឹងប្រទេសស្វ៊ីសនៅវគ្គ ១៦ក្រុមចុងក្រោយ។
គួររំលឹកថា ក្លិប Inter Milan បានឈ្នះពានរង្វាន់ Serie A កាលពីរដូវកាលមុន ក្រោយពីឈ្នះពិន្ទុគូប្រជែងAC Milan ដាច់រហូតដល់១២ពិន្ទុ ហើយនៅរដូវកាលខាងមុខនេះក្រុមខ្លាំង AC Milan នៅតែប្តេជ្ញាចិត្តប្រជែងពានធំៗទៀត ដោយបានចុះកុងត្រាយកកីឡាករដែលមានសក្តានុពលមួយចំនួនផងដែរ ៕
ដោយ៖ ភារៈ(រូបថត ៖ BBC Sport)