ភ្នំពេញ ៖ បុរសម្នាក់សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបានសម្រេចដោយ បន្សល់ទុកម៉ូតូសណ្តោងរុឺម៉ករបស់ខ្លួន មួយគ្រឿងនិងស្បែកជើងផ្ទាត់ពណ៌ស្វាយមួយគូនៅលើស្ពាននៅស្ពានជ្រោយចង្វា ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ បង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋជាខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 1E-2599 មកឈប់នៅលើស្ពានជ្រោយចង្វា ហើយចុះពីលើម៉ូតូដើរឡើងលើបង្កាន់ដៃស្ពានរួចក៏ធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួនពីលើស្ពាននេះ បានសម្រេច ដោយបន្សល់ទុកនូវម៉ូតូសណ្តោងរឺុម៉ករបស់ខ្លួន និង ស្បែកជើងផ្ទាត់ពណ៌ស្វាយមួយគូនៅលើស្ពាន ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមនឹងកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ រួចយកម៉ូតូនិងរុឺម៉កទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក រង់ចាំសាច់ញាតិមកទទួលយក៕
ដោយ ៖ រ៉ារ៉ា