ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងកូវីដច្រើនណាស់! ថ្ងៃនេះកូរ៉េខាងត្បូងផ្ទុះឆ្លងកូវីដ បំបែកកំណត់ត្រាថ្មីទៀតហើយដល់ទៅ … ខណៈអជ្ញាធរបារម្ភខ្លាំងវត្តមានកូវីដបម្លែងខ្លួនថ្មីកាន់តែច្រើន

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងប្រកាស រកឃើញករណីឆ្លងកូវីដវិជ្ជមានថ្មីកើនគំហុកឡើង ទៀតហើយ បំបែកកំណត់ត្រាករណីឆ្លងកូវីដច្រើនជាង គេ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ខណៈដែល វិធានការគម្លាតសង្គមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ សម្រាប់ទីប្រជុំជនធំៗ នេះបើតាមការចុះផ្សាយក្នុង សារព័ត៌មាន Yonhap News។ ត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រ(ខ្មែរនៅកូរ៉េ News)នៅថ្ងៃនេះ។ 

គេហទំព័រ(ខ្មែរនៅកូរ៉េ News) បានបន្តថា, បើតាមតួលេខប្រកាសដោយមជ្ឈមណ្ឌលប្រយុទ្ធ ប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ករណីឆ្លងកូវីដថ្មីរកឃើញ ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គាររម្សិលមិញ ដែលគេប្រកាសនៅថ្ងៃពុធនេះមានដល់ ១៧៨៤ករណី ឯណោះ ជាតួលេខច្រើនជាងគេបង្អស់ហើយ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាប់ចាប់តាំងពីថ្ងៃទី២០ មករា ២០២០កន្លងមកពេលដែលកូរ៉េខាងត្បូង ចាប់ផ្ដើមរកឃើញករណីវិជ្ជមានកូវីដដំបូងគេបង្អស់ នោះ ហើយក៏ជារយៈពេលជាង២សប្តាហ៍ជាប់ៗគ្នាមក ហើយ ដែលតួលេខករណីឆ្លងកូវីដ បន្តកើនឡើងខ្ពស់ ចន្លោះលើសមួយពាន់ករណីរហូតមក។

ក្នុងចំណោមករណីឆ្លងទាំង១៧៨៤ករណីនោះ មាន១៧២៦ករណីជាករណីឆ្លងក្នុងស្រុក និង៤៧ករណីជាករណីឆ្លងមកពីខាងក្រៅ។ តួលេខនៃ អ្នកបាត់បង់ជីវិតយ៉ាងណាមិញ ស្ថិតក្នុងសភាពនឹងនរ ដោយថ្ងៃនេះនៅមានតែអ្នកបាត់បង់ជីវិតថ្មីពីកូវីដ តែ១នាក់ប៉ុណ្ណោះ ដែលចំនួនតួលេខសរុបកើនដល់ ២០៦០នាក់ហើយ។ រីឯតួលេខអ្នកដែលឆ្លងមកពី ខាងក្រៅប្រទេសតាមការធ្វើដំណើរមានដល់ ៥៨ករណី ក្នុងនោះមាន១១ករណីពីប្រទេសអ៊ុយបែកគីស្ថាន និង១០ករណីពីប្រទេសឥណ្ឌូនេស៊ី។

គេហទំព័រ(ខ្មែរនៅកូរ៉េ News) បានបញ្ជាក់ថា, នៅទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្លាំងគីដូ ជាដើម នៅតែជាចំណុចក្ដៅនៃការចម្លងមេរោគកូ វីដ-១៩ ហើយកាន់តែបារម្ភគឺការកើនឡើងច្រើននៃ ករណីឆ្លងដោយសារមេរោគកូវីដបម្លែងខ្លួនថ្មីដែលតា។ ទីក្រុងសេអ៊ូលមានករណីឆ្លងថ្មីចំនួន ៥៩៩ករណី ខណៈខេត្តឃ្លាំងគីដូ មានករណីឆ្លងថ្មី៤៥០ករណី រីឯ ក្រុងអ៊ីនឆន់វិញមានករណីឆ្លងថ្មី ១២៦ករណីផងដែរ។ ហើយភាគច្រើននៃការឆ្លងត្រូវបានគេរកឃើញថាជាការ ឆ្លងតគ្នាជាចង្កោម នៅតាមក្រុមហ៊ុន ផ្សារទំនើប និង សាលារៀនជាដើម។

ឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងក្នុងរលក ទី៤នៃជំងឺកូវីដនេះ តំបន់ដែលកំពុងផ្ទះឆ្លងកូវីដខ្លាំង ដូចជាប្រជុំជនសេអ៊ូល និងក្រុងកាំងនឹងនៃខេត្តឆាងវ៉ុនកំពុងស្ថិតនៅក្រោមវិធានការគម្លាតសង្គមកម្រិត៤ ចំណែកតំបន់ដទៃទៀតជាច្រើនចាប់ផ្តើមគម្លាតសង្គម ដល់កម្រិត៣ផងដែរដូចជាក្រុងប៊ូសាន កោះជេជូ ជាដើម។ ក្រោមវិធានការគម្លាតសង្គមកម្រិត៤ ការ ជួបជុំគ្នាឯកជនលើសពីគ្នា២នាក់ឡើងទៅត្រូវបាន ហាមឃាត់ចាប់ពីម៉ោង៦ល្ងាច ហើយនៅមុន ម៉ោង៦ល្ងាចការជួបជុំឯកជនកំណត់បានត្រឹមគ្នា៤នាក់ ដែលជាវិធានការអនុវត្តទូទាំងប្រទេសកូរ៉េខាងត្បូង តែម្តង បើទោះតំបន់ខ្លះនៅអនុវត្តគម្លាតសង្គមត្រឹម កម្រិត២ក៏ដោយ។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បាន សម្រេចឱ្យរដ្ឋបាលមូលដ្ឋាននានាអាចសម្រេចកែប្រែ វិធានការគម្លាតសង្គមរៀងៗខ្លួន ឆ្លើយតបទៅនឹង ស្ថានការណ៍ដោយឡែកៗរបស់ខ្លួនផងដែរ។

ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរឈានមុខគេនៅក្នុងប្រទេសកូរ៉េ ខាងត្បូងក្នុងការឆ្លើយតប និងទប់ស្កាត់ការឆ្លង រាលដាលកូវីដ លោកស្រី ជុង អ៊ុនឃ្លៀង (Jeong Eun-kyeong) បានបញ្ជាក់ថាបើតាមស្ថានការណ៍កូវីដដែលកំពុងកើតមានសព្វថ្ងៃ និងតាមការគណនា តាមម៉ូដែលគណិតវិទ្យា តួលេខឆ្លងថ្មីប្រចាំថ្ងៃនឹងកើន ដល់ជាងលើស ២៣០០ ករណីឯណោះ មុននឹង តួលេខឆ្លងនេះអាចធ្លាក់ចុះមកវិញបាន៕

ដោយ ៖ សិលា


ចែករំលែក៖