ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្បាលកោះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្បាលកោះបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទនៅចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។

លោតាន់ ឌីណា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ខណ្ឌច្បារអំពៅបានឱ្យដឹងថា ជនរងគ្រោះ ជាម្ចាស់ទូរស័ព្ទឈ្មោះ ខ្លីង ចិន្តា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ យន់ សុខហេង  អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។

លោកតាន់ ឌីណា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ខណ្ឌច្បារអំពៅបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទុកទូរស័ព្ទដៃ១គ្រឿង ម៉ាក Oppo នៅលើក្បាលដំណេក រួចក៏ដេកលក់ដោយពុំបានចាក់សោទ្វារផ្ទះទេ (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យដើរមកដល់ផ្ទះជនរងគ្រោះ រួចរុញទ្វារចូលទោក្នុងលួចយកទូរស័ព្ទដៃជនរងគ្រោះបម្រុងគេចខ្លួន ក៏ត្រូវបានជនរងគ្រោះភ្ញាក់ឡើងឃើញក៏ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងទូរស័ព្ទដៃ១គ្រឿង យកមកប្រគល់ឲ្យ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖