ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូហ្វាម)ចំនួន ១លានដូសបន្ថែម ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន បានប្រមាណជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦២.០២% ធៀបនឹងគោលដៅចំនួន ១០ លាន នាក់។
រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កន្លងមក ក៏ដូចជាបច្ចុប្បន្ន ប្រមុខ បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជាមានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
ដោយឡែកសម្រាប់ខែសីហា ឆ្នាំ ២០២១ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤លានដូសបន្ថែមទៀត ដែលធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃ ចំនួនជាង ២០លានដូស ហើយអាចសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ។
សូមជម្រាបជូនថា,នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ វ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ជំនួយរបស់រដ្ឋាភិបាលជប៉ុន និងដឹកមកដល់កម្ពុជា ចាត់ទុកជាដំណឹងរីករាយ សម្រាប់ប្រជាពលរដ្ឋ និងការខិតខំរបស់ សម្តេចតេ ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងដឹកមកដល់កម្ពុជា។
សូមជម្រាបថា , នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៨១២នាក់ទៀត ជាសះស្បើយ ៧៤០នាក់ និងស្លាប់ ១៩នាក់៖
– ករណីឆ្លងសហគមន៍ ៥៣៣នាក់
– អ្នកដំណើរពីបរទេស ២៧៩នាក់
គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 69,608 នាក់
– អ្នកជាសះស្បើយ= 61,779 នាក់
– អ្នកស្លាប់= 1,168 នាក់៕
ដោយ ៖ សិលា