ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ-ឡានឆាង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហោះលើផេកផ្លូវការរបស់លោកថា, កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបង្កើតឡើងក្នុងគោលបំណង៖

– ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាសមាជិករួមមាន ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងប្រទេសវៀតណាម
– គាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
– ធ្វើសមាហរណកម្ម និងបំពេញបន្ថែម ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន និងជាយន្តការ អនុតំបន់មេគង្គ ដើម្បីកសាង “ សហគមន៍នៃអនាគតសន្តិភាព និងវិបុលភាពរួមគ្នា” ក្នុងចំណោមប្រទេសជា សមាជិក
លោករដ្ឋមន្ត្រីបន្តថា, កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអទិភាពចំនួន៥ ដែលនៅក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាននៃវិស័យអាទិភាពទី៥ ស្តីពី កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការបានរៀបចំបង្កើតក្រុមការងារបច្ចេកទេស ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើវិស័យកសិកម្ម។ កិច្ចប្រជុំក្រុមការងារបានរៀបចំឡើងចំនួន ៣លើករួចមកហើយ ដោយមានការចូលរួមពីក្រុមការងារនៃសមាជិក តាមប្រទេសនីមួយៗ។
– កិច្ចប្រជុំក្រុមការងារចម្រុះលើកទី១ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើវិស័យកសិកម្ម បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន រៀបចំដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន។
– កិច្ចប្រជុំក្រុមការងារចម្រុះលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើវិស័យកសិកម្ម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសកម្ពុជា។
– កិច្ចប្រជុំក្រុមការងារចម្រុះលើកទី៣ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើវិស័យកសិកម្ម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ រៀបចំដោយក្រសួងកសិកម្ម និងព្រៃឈើនៃប្រទេសឡាវ។
តាមរយៈនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្កើតជាមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានគម្រោងអនុវត្តចំនួន ៥៥ គម្រោង មានថវិការសរុប ២១ លានដុល្លារអាមេរិក ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលអនុវត្តគម្រោងចំនួន ៦ មានថវិកាអនុវត្តសរុបចំនួន ២ ៦១០ ៨៦១,៦៣ដុល្លារអាមេរិក រួមមាន៖
I. គម្រោងកំពុងដំណើរការអនុវត្ត
គម្រោងមូលនិធិឆ្នាំ២០១៧
១. គម្រោង “ការដោះស្រាយបញ្ហាការអន់ថយគុណភាពដី និងការលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋានតាមរយៈការគ្រប់គ្រងដីប្រកបដោយចីរភាព” ថវិកាអនុវត្ត (៥០០ ០០០,០០ ដុល្លារអាមេរិក)
– គោលបំណង និង លទ្ធផលរំពឹងទុក៖
• លើកកម្ពស់ចំណេះដឹងរបស់ភាគីពាក់ព័ន្ធលើការគ្រប់គ្រងអេកូឡូស៊ីតំបន់ត្រូពិចក្នុងការគ្រប់គ្រងដីប្រកបដោយ និរន្តរភាព និងការប្រែប្រួលអាកាសធាតុ
• កាត់បន្ថយការរិចរិលដីកសិកម្ម និងព្រៃឈើតាមរយៈការអភិវឌ្ឍបច្ចេកទេសកសិកម្ម និងការស្តារព្រៃឡើងវិញ
• ផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ក្នុងការប្រើប្រាស់ដី និងការធ្វើឱ្យប្រសើរឡើងនៅជីវភាពរស់នៅតាមរយៈការធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងថៃ
– វឌ្ឍនភាពនៃការអនុវត្តសកម្មភាព៖
 ការអភិវឌ្ឍន៍សមត្ថភាព និងការស្រាវជ្រាវ
– ការអភិវឌ្ឍន៍សមត្ថភាពមន្រ្ដីៈ គម្រោងបានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ០៥វគ្គ ក្នុងគោលបំណងដើម្បីផ្ដល់ ចំណេះដឹងដល់មន្រ្ដីគម្រោង និងអ្នកពាក់ព័ន្ធអំពីមូលដ្ឋានគ្រឹះនៃការប្រែប្រួលអាកាសធាតុ វិធីសាស្រ្ដបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសារធាតុចិញ្ចឹមសម្រាប់ដំណាំនិងបន្លែ ការធ្វើកសិកម្មចម្រុះ ការ ចិញ្ចឹមសត្វ ការគ្រប់គ្រងដីប្រកបដោយនិរន្ដរភាព ការតាមដានវាយតម្លៃព្រៃឈើ និងធនធានព្រៃឈើ សរុប មានអ្នកចូលរួមចំនួន ១០៩នាក់ (ស្ដ្រី ៤៥នាក់)
– ការពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានៈ គម្រោងបានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ០៤វគ្គ នៅស្ថានីយស្រាវ ជ្រាវ និងស្ដារព្រៃឈើឃុនរាម ដើម្បីផ្ដល់ចំណេះដឹងដល់កសិករ និងអ្នកពាក់ព័ន្ធលើការអនុវត្តកសិកម្មចម្រុះ ការចិញ្ចឹមត្រី មាន់ ទា ជ្រូក ការដាំដំណាំ ការធ្វើជីកំប៉ុស្ដិ៍ និងការគ្រប់គ្រងសារធាតុចិញ្ចឹមរបស់ដំណាំ មានអ្នក ចូលរួមសរុបចំនួន ១៤៤នាក់ (ស្ដ្រី ៤០នាក់)
– សិក្ខាសាលាចែករំលែកបទពិសោធន៍ថ្នាក់អន្តរជាតិៈ គម្រោងបានរៀបចំសិក្ខាសាលាចំនួន ០២វគ្គ នៅខេត្ត សៀមរាប និង ០១វគ្គ នៅទីក្រុងដាណាង ប្រទេសវៀតណាម ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ស្ដីពី ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងកសិកម្មចម្រុះ មានសិក្ខាកាមចូលរួមមកពីប្រទេសថៃ ឡាវ វៀតណាម ចិន និងមីយ៉ាន់ម៉ា ព្រមទាំងមន្រ្ដីក្រសួងពាក់ព័ន្ធ សិស្សនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សរុបចំនួន ១០៤នាក់ (ស្រ្ដី ៣០នាក់)។
 ការអនុវត្តកសិកម្មចម្រុះ និងកសិ-រុក្ខកម្ម
គម្រោងបានជ្រើសរើសកសិករចំនួន ០៣គ្រួសារ សម្រាប់អនុវត្តគម្រោងដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សកម្មភាពសំខាន់ៗរួមមាន ការរៀបចំប្លង់មេសម្រាប់អនុវត្តកសិកម្មចម្រុះ ការឈូយឆាយដីសម្រាប់ការដាំដំណាំ បន្លែ ការសង់រោងជីកំប៉ុស្ដិ៍ ការសង់រោងចិញ្ចឹមមាន់ ទា ការជីកស្រះទឹកសម្រាប់ ចិញ្ចឹមត្រី ការជីកអណ្ដូងទឹក ការសាងសង់ឡជីវឧស្ម័ន និងការរៀបចំប្រព័ន្ធស្រោចស្រពដំណាំ។ ក្រៅពីនេះ គម្រោង បានរៀបចំឱ្យមានបណ្ដុំការលក់កសិផល ដោយធ្វើការផ្សារភ្ជាប់ទៅនឹងទីផ្សារតាមរយៈការជួលមធ្យោបាយដឹកជញ្ជូន និងជួលតូបសម្រាប់លក់កសិផលរបស់កសិករផងដែរ។ បន្ទាប់ពីអនុវត្តគម្រោង ចំណូលរបស់កសិករបានកើនឡើងគួរឱ្យកត់សម្គាល់ដូចជា៖
– កសិករបានកើនឡើងនូវប្រាក់ចំណូលពី ២៣% ទៅ ២៧% បន្ទាប់ពីក្រុមការងារបានធ្វើការស្ទង់មតិជំហាន ដំបូងពី ៧៨០.០០០៛ ទៅ ៩៩០.០០០៛
– កសិករបានកែប្រែទម្លាប់ដាំដុះដំឡូងមីដែលនៅលើផ្ទៃដី ១ហិកតា ដូចគ្នានៅឆ្នាំ២០១៨ កសិករលក់ដំឡូងមីបាន ៤៨០.០០០៛ និងតែនៅឆ្នាំ២០២០ ពួកគាត់លក់បាន ២.១៦០.០០០៛ (កើនឡើង ៤ដង)
– ការដាំបន្លែសរីរាង្គកសិកររកចំណូលបានកើនឡើងពី ៣២០.០០០៛ ទៅ ៣.៦៥០.០០០៛ (កើនឡើង ១១ដង)
– ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីថ្វីត្បិតតែវាមិនទទួលបានផលល្អ ក៏វាបានចូលរួមចំណែកចំនួន ១,៧% នៃប្រាក់ ចំណូលសរុប និងបានកាត់បន្ថយការទិញត្រីសាច់ពីផ្សារ
– កសិករអាចសន្សំលើការចំណាយពីការទិញម្ហូបអាហារបានយ៉ាងហោចណាស់ ៦៧៥.០០០៛ក្នុងមួយឆ្នាំ។
 ការចងក្រងមេរៀង និងបទពិសោធន៍
គម្រោងបានសហការជាមួយមន្រ្ដីជំនាញពីមន្ទីរកសិកម្ម ទីប្រឹក្សាគម្រោង និងអ្នកជំនាញពីបណ្ដាអង្គការដៃគូ ក្នុងការរៀបចំចងក្រងឯកសារមេរៀនបទពិសោធន៍ដែលកសិករបានអនុវត្តដោយបានបោះពុម្ពឯកសារដូចជា៖
– បោះពុម្ពសៀវភៅបច្ចេកទេសចំនួន ០៤ក្បាល ស្មើនឹង ៤០០ច្បាប់
– បោះពុម្ព Leaflets បច្ទេកទេសចំនួន ៣ប្រភេទ ស្មើនឹង ១៥០០ច្បាប់
– បោះពុម្ព Poster បច្ចេកទេសចំនួន ៥ប្រភេទ ស្មើនឹង ៣០០០ច្បាប់
– បោះពុម្ព X stand បច្ចេកទេសសម្រាប់ដាក់តាំងពិពណ៌នានាចំនួន ០៦ប្រភេទ ស្មើនឹង ៩០ផ្ទាំង។
 ការកែលម្អស្ថានីយស្រាវជ្រាវ និងស្ដារព្រៃឈើឃុនរាមឡើងវិញ
គម្រោងបានធ្វើការជួសជុលអាគារស្ថានីយឡើងវិញ ដើម្បីបម្រើដល់ការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន ដោយ បានរៀបចំលាបថ្នាំអាគារឡើងវិញ ជួសជុលបន្ទប់បណ្ដុះបណ្ដាល បន្ទប់ទឹក បំពាក់កង្ហារ ម៉ាស៊ីនត្រជាក់ ប្រព័ន្ធសូឡា ប្រព័ន្ធចម្រោះទឹកស្អាត បន្ថែមតុ កៅអី និងរៀបចំផ្ទាំងផ្សព្វផ្សាយនៅតាមជញ្ជាំងក្នុងបរិវេណអាគារស្ថានីយ។

២. គម្រោង “ការស្តារព្រៃឈើ និងការលើកកម្ពស់ការប្រើប្រាស់ព្រៃឈើដោយចីរភាពនៅអាស៊ីអាគ្នេយ៍” ថវិកាអនុវត្ត (៥០០ ០០០,០០ ដុល្លារអាមេរិក)
គម្រោងមានគោលបំណងចែករំលែកបទពិសោធន៍នៃការអនុវត្តយន្តការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាពក្នុងតំបន់ និងជំរុញការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ព្រៃឈើ និងពង្រឹងនិងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយផ្តោតលើការកសាងសមត្ថភាព និងទស្សនៈកិច្ចសិក្សានានា ស្តីពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព។ លទ្ធផលរំពឹងទុក៖
• ការបង្កើតតំបន់ស្តាព្រៃឈើ តាមរយៈការត្រួតពិនិត្យ និងការគ្រប់គ្រង នៅក្នុងតំបន់ការពារធនធានគ្រាប់ពូជគ្រញូង និងផ្នង់
• ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងប្រទេសកម្ពុជា ថៃ និងវៀតណាម តាមរយៈការកសាងសមត្ថភាពលើការស្តាព្រៃឈើ ទេសចរណ៍ធម្មជាតិ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការគៀងគរប្រភពហិរញ្ញប្បទានថ្មីៗសម្រាប់ការងារគ្រប់គ្រងព្រៃឈើ
• ការផលិតឯកសារបច្ចេកទេស និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អនុវត្តគម្រោង
– វឌ្ឍនភាពនៃការអនុវត្តសកម្មភាព៖
ក. ការធ្វើបង្ហាញពីការស្តារព្រៃឈើ ការត្រួតពិនិត្យ និងការគ្រប់គ្រងព្រៃឈើ នៅក្នុងតំបន់ការពារធនធានគ្រាប់ពូជ
• ការពារតំបន់ចម្ការពូជគ្រញូង និងធ្នង់ ជាពិសេសដើមមេពូជ និងប្រភេទឈើក្នុងតំបន់ផ្សេងៗទៀត ដើម្បីគោលដៅរក្សាការពារជីវចម្រុះក្នុងតំបន់និងផលប្រយោជន៍សហគមន៍ដែលរស់នៅក្បែរតំបន់ជុំវិញ
• រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការជ្រើសរើសពូជ និងការគ្រប់គ្រងតំបន់ព្រៃការពារ
• រៀបចំបន្ទប់ថែរក្សាគ្រាប់ពូជ
• រៀបចំឡូតិ៍ពិសោធន៍ និងរៀបចំថ្នាលបណ្តុះកូនឈើចំនួន ២កន្លែង (បណ្តុះកូនឈើចម្រុះប្រភេទ បានចំនួន២០០០០០ដើម សម្រាប់ដាំនៅក្នុងតំបន់ និងចែកជូនកសិករ)
• ការបង្កើតឡូតិ៍អចិន្រ្តៃយ៍ ដើម្បីសិក្សា និងតាមដានដំណុះឈើដោយធម្មជាតិ ការដាំបញ្ចូល និងឡូតិ៍ការ ស្តារព្រៃ ឈើនៅតំបន់រេចរឹល ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវការងារស្តារ ព្រៃឈើនៅប្រទេសកម្ពុជា និង ជា កន្លែងសិក្សាស្រាវជ្រាវសម្រាប់និសិ្សតកម្ពុជាផងដែរ
• បានរៀបចំស្លាកព័ត៌មានដាក់តាមទីតាំងនៃដើមមេពូជ សម្រាប់គោលដៅទេសចរណ៍

ខ. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាថៃនិងវៀតណាម លើការកសាងសមត្ថភាព និងកសាងបណ្តាញស្តីពីការស្តារព្រៃឈើ ទេសចរណ៍ធម្មជាតិ និងគំរូគ្រប់គ្រងព្រៃឈើ (តាមរយៈសកម្មភាពគាំទ្រក្នុងតំបន់)
• រៀបចំកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់មន្រ្តីរដ្ឋបាលព្រៃឈើនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ទៅប្រទេសថៃ ដើម្បីស្វែងយល់ពីការងារស្តារព្រៃឈើ ការកែច្នៃឫស្សី ការរៀបចំតំបន់ទេសចរណ៍ ធម្មជាតិ និងការស្វែងយល់ពីការអនុវត្តព្រៃគំរូ(Model Forest)
• រៀបចំកម្មវិធីថ្នាក់តំបន់ស្តីពីការចែករំលែកបទពិសោធន៍ស្តីពីការរៀបចំយន្តការព្រៃគំរូនៅអាស៊ី ដោយសហការជាមួយនាយកដ្ឋានព្រៃឈើកាណាដា ថៃ វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងប្រទេសប៊ូតាន ។
គ. ផលិតឯកសារ និងធ្វើការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គោលដៅគម្រោង
• ផលិតឯកសារ ស្តីពី គម្រូការគ្រប់គ្រងព្រៃឈើ ការស្តាព្រៃឈើ និងអេកូទេសចរណ៍
• ធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ចម្ការពូជគ្រញូង និងធ្នង់ ដូចជាស្លាកព្រំប្រទល់ ផ្លូវចូលចម្ការពូជ ស្លាកហាមឃាត់ ស្លាកបង្ការភ្លើងឆេះព្រៃ ថ្នាលបណ្តុះកូនឈើ អាងស្តុក ទឹកប្រើប្រាស់ រោងរក្សាគ្រាប់ពូជឈើ ស្ពាន និងឧបករណ៍GPS និងឧបរកណ៍ បេះប្រមូលគ្រាប់ពូជ
• ការសិក្សាការវាយតម្លៃគម្របព្រៃនៅតំបន់ចម្ការពូជគ្រញូង និងធ្នង់
• ធ្វើសាររពើភ័ណ្ឌព្រៃឈើនៅតំបន់ទាំងពីរដើម្បីវាយតម្លៃកាបូនស្តុក ភាពចម្រុះប្រភេទ និងភាពសំបូរ បែបនៃប្រភេទ(ជីវចម្រុះ), រប៉ាយ និងដង់ស៊ីតេរបស់ប្រភេទឈើគ្រញូង, ប៉ាន់ប្រមាណមាឌឈើ ឈរបច្ចុប្បន្ន, ការលូតលាស់ទិន្នផលដកហូត និងការដុះលូតលាស់នៃព្រៃឈើ
• ធ្វើការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចតំបន់ និងការប្រើប្រាស់អនុផលព្រៃឈើ
• ផលិតឯកសារលទ្ធផលសម្រេចបាន ដើម្បីទុកជាឯកសារ និងសម្រាប់ការស្រាវជ្រាវបន្ត

៣. គម្រោង “ ការលើកកម្ពស់ប្រសិទ្ធភាពយុទ្ធសាស្រ្តតំបន់សម្រាប់ការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់តាមទន្លេមេគង្គ ការមិនរាយការណ៍ និងការមិនចុះបញ្ជី ដើម្បីគ្រប់គ្រងការនេសាទប្រកបដោយចីរភាពនៅតំបន់មេគង្គ” ថវិកាអនុវត្ត (៥០០ ០០០,០០ ដុល្លារអាមេរិក)
– គោលបំណង និងលទ្ធផលរំពឹងទុក៖
• របាយការណ៍វាយតម្លៃ ការនេសាទខុសច្បាប់ ការមិនរាយការណ៍ និងមិនចុះបញ្ជី លើបញ្ហា និងការអនុវត្តល្អ នៅក្នុងតំបន់មេគង្គ
• រៀបចំយុទ្ធសាស្រ្តថ្នាក់តំបន់ សម្រាប់ការប្រយុទ្ធប្រឆាំង ការនេសាទខុសច្បាប់ ការមិនរាយការណ៍ និងមិនចុះបញ្ជី ក្នុងតំបន់មេគង្គ
• លើកកម្ពស់ការយល់ដឹង និងបង្កើនសមត្ថភាព ដល់សមាជិកក្នុងតំបន់ និងអ្នកទទួលផល នៅក្នុងតំបន់មេគង្គ-ឡានឆាង
– វឌ្ឍនភាពនៃការអនុវត្តសកម្មភាព៖
• រៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោង ដើម្បីរៀបចំផែនការសកម្មភាព យន្តការនៃការអនុវត្តគម្រោង និងកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ
• ធ្វើការសិក្សាវាយតម្លៃបញ្ហា ការនេសាទខុសច្បាប់ ការមិនរាយការណ៍ និងមិនចុះបញ្ជី និងការអនុវត្តល្អ នៅក្នុងតំបន់ ដើម្បីជាមូលដ្ឋាននៅក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត
• រៀបចំកិច្ចប្រជុំថ្នាក់ជាតិ និងថ្នាក់តំបន់ លើការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តម្រាប់ការប្រយុទ្ធប្រឆាំង ការនេសាទខុសច្បាប់ ការមិនរាយការណ៍ និងមិនចុះបញ្ជី ក្នុងតំបន់មេគង្គ
គម្រោងមូលនិធិពិសេសឆ្នាំ២០១៨
៤. គម្រោង “សហគ្រប់គ្រងសហគមន៍នេសាទៈ ការកសាងសមត្ថភាព និងការចែករំលែកមេរៀន និងបទពិសោធន៍អំពីសហគមន៍នេសាទជាមួយបណ្តាប្រទេសក្នុងតំបន់មេគង្គ” ថវិកាអនុវត្ត (១៦៣ ៥៤៦,៦៣ ដុល្លារអាមេរិក) ស្នើសុំពន្យារពេលអនុវត្តគម្រោងដោយស្នើអនុវត្តគម្រោងចាប់ពីខែមករា ឆ្នាំ២០២១។
– គោលបំណង និងលទ្ធផលរំពឹងទុក៖
• សមត្ថភាពរបស់ភាគីពាក់ព័ន្ធនៃប្រទេសមាជិកក្នុងតំបន់មេគង្គ ស្តីពីការគ្រប់គ្រងសហគមន៍នេសាទត្រូវបានពង្រឹង
• ចំណេះដឹងបទពិសោធន៍ និងមេរៀន ដែលទទួលបានពីការគ្រប់គ្រងសហគមន៍នេសាទក្នុងតំបន់មេគង្គ ត្រូវបានចែករំលែក និងចងក្រងជាឯកសារ
• រៀបចំជាអនុសាសន៍គោលនយោបាយ ស្តីពីការកឬលម្អការគ្រប់គ្រងសហគមន៍ជលផលសម្រាប់ប្រទេសជា សមាជិកនីមួយៗ
៥ . គម្រោង “ការអភិវឌ្ឍសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មេគង្គ-ឡានឆាង” ថវិកាអនុវត្ត (៤៩៩ ៣១៥,០០ ដុល្លារអាមេរិក)
គោលបំណង និងលទ្ធផលរំពឹងទុក៖
• ពង្រឹងសមត្ថភាព លើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព នៅក្នុងតំបន់មេគង្គ
• បង្កើនក្រុមអ្នកជំនាញគ្រប់គ្រងធនធានធម្មជាតិ (NRM)
សកម្មភាពចម្បងរបស់គម្រោងទាំងពីរខាងលើ គឺការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ការបណ្តុះបណ្តាល និង ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា រវាងប្រទេសជាសមាជិក ប៉ុន្តែដោយសារជួបបញ្ហាជំងឺ កូវីដ១៩ ដែលជាបញ្ហាសកល ធ្វើឱ្យគម្រោងមិនអាចដំណើរការអនុវត្តសកម្មភាពទៅបាន។
II. គម្រោងគ្រោងអនុវត្តក្នុងឆ្នាំ២០២១
មូលនិធិពិសេសឆ្នាំ២០២០ ចំនួន ១គម្រោង ស្តីពី “ការកសាងសមត្ថភាពរបស់សមាជិកនៃប្រទេសតាមដងទន្លេមេគង្គ ដើម្បីការពារសត្វផ្សោតទឹកសាប និងជីវចម្រុះ” ថវិកាអនុវត្ត៤៤៨ ០០០,០០ ដុល្លារអាមេរិក រយៈពេលអនុវត្ត២ឆ្នាំ (២០២១-២០២២)
– គោលបំណង និងលទ្ធផលរំពឹងទុក៖
• រៀបចំផែនការរួមក្នុងចំណោមប្រទេសសមាជិកសម្រាប់ការគ្រប់គ្រង និងអភិរក្សផ្សោតទឹកសាប និងជីវចម្រុះនៅក្នុងបរិស្ថានទឹកសាប
• កសាងសមត្ថភាពមន្រ្តី និងអនុរក្ស លើការអនុវត្តច្បាប់តាមស្តង់ដារអាស៊ាន និងការដាក់បញ្ចូល SMART
• ពង្រឹងកិច្ចសហប្រតិបត្តិការ លើការចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មាន លើការអនុវត្តសកម្មភាពអភិរក្ស
បច្ចុប្បន្នគម្រោងកំពុងដំណើរការរៀបចំរចនាសម្ពន្ធ័គ្រប់គ្រង ផែនការសកម្មភាព និងថវិកា និងស្នើសុំអនុម័ត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា, ក្នុងករណីសាធារណជនចង់បានព័ត៌មានបន្ថែម អាចធ្វើទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៦ ៨១១៨២៧ ៕

ដោយ៖ សិលា


ចែករំលែក៖