ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ទៀ​ សីហា ​៖​ ចាត់ឱ្យអនុសាខាកាកបាទក្រហមខេត្ត ជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារកូនងោកចូលឆ្នាំងសម្លទឹកនំបញ្ចុក

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចាត់ក្រុមប្រតិបត្តិសាខានិងអនុសាខា ជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារកូនងោកចូលឆ្នាំងសម្លទឹកនំបញ្ចុកឈ្មោះ ហ៊ុន មុន្នី កូន អាយុ១ ឆ្នាំនិងម្តាយឈ្មោះឡាច វុទ្ធី អាយុ ៣១ឆ្នាំរលាកដៃលូកយកកូនពីក្នុងឆ្នាំង រស់នៅភូមិវាល សង្កាត់គោចក ក្រុង-ខេត្តសៀមរាបជនរងគ្រោះទាំង២នាក់នោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា។

សំណះសំណាលក្នុងឱកាសនោះ លោក ស៊ុំ សំអន នាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ហើយក៏គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានកម្រិតក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយដំណែក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកនាយក​ ក៏បានផ្តាំផ្ញើគ្រួសាររងគ្រោះបន្តគោរពវិធានសុខាភិបាលការពារជំងឺកូវីដ -១៩ ៣ការពារ ៣កុំ។​ ចំណែក​អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ មុង២ ភួយ២ សារុង២ ក្រមា២ កន្ទេល២ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ និងថវិកា ៦០ម៉ឺនរៀល ជាមួយគ្នានោះដែរអនុសាខាក្រុងបានជួយឧបត្ថម្ភ ទឹកដោះគោឆៅ ៣យួរ និងថវិកា ២០ម៉ឺនរៀល៕ដោយ​៖សហការី​


ចែករំលែក៖