លោក Mullah Abdul Ghani Baradar អ្នកដែលមានស្នាដៃបង្កើតក្រុមតាលីបង់បានដឹកនាំគណៈប្រតិភូពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ប្រទេសចិនដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី ។
សារព័ត៌មាន South China Morning Post បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា លោកMullah Abdul Ghani Baradar បានដឹកនាំគណៈប្រតិភូតាលីបង់ទៅកាន់ប្រទេសចិនដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិនស្តីពីបញ្ហាសំខាន់ៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ជំនួបពិភាក្សានេះកើតឡើងក្នុងពេលដែលកម្លាំងទាហានក្រុមតាលីបង់គ្រប់គ្រងជិតពាក់កណ្តាលទឹកដីអាហ្វហ្គានីស្ថានរហូតដល់តំបន់ព្រំដែនស៊ីនជាំង ប្រទេសចិន។ ជាមួយគ្នានេះដែរ អាមេរិកក៏បានបើកការវាយប្រហារជួយដល់កម្លាំងទាហានអាហ្វហ្គានីស្ថាន។
តាមប្រភពព័ត៌មាន ប្រធានគណៈប្រតិភូតាលីបង់ លោក Mullah Abdul Ghani Baradar ស្ថាបនិកមានស្នាដៃក្នុងការបង្កើតក្រុមតាលីបង់ បានជួបពិភាក្សា ជាមួយលោកវ៉ាង យី នៅភាគខាងជើងទីក្រុងធានជីន នាថ្ងៃទី២៨ ខែកក្កដា។
ជាមួយគ្នានេះដែរក្រុមតាលីបង់បានចោទប្រកាន់អាមេរិកថាបានបំពានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង Doha ដែលលោក Ghani Baradar បានចុះហត្ថលេខាជាមួយអាមេរិកនៅខែកុម្ភៈឆ្នាំ២០២០ ដែលជាការបើកផ្លូវឲ្យអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថាន ។
ចិនធ្លាប់បានស្នើដល់ក្រុមតាលីបង់វិលត្រឡប់មកចូលរួមក្នុងឆាកនយោបាយ ដោយពិភាក្សាស្តីពីសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
រូបភាព៖Baaghitv.+TTXVN