ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា បានរកឃើញមេរោគកូវីដ-១៩ នៅលើសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន ៣កុងតឺន័រនាពេលថ្មីៗនេះ។ រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំចូលសាច់បង្កកពីក្រៅប្រទេសបណ្តោះអាសន្ន ពីប្រទេសដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង។
បើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្អាកបណ្តោះអាសន្ន ការនាំចូលសាច់បង្កកទាំងអស់ពីបរទេស ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងបន្តថា ការសម្រេចផ្អាកនាំចូលសាច់បង្កក គឺធ្វើឡើងបន្ទាប់លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើលិខិតគោរពជូនសម្តេចនាយករដ្ឋមន្រ្តីដើម្បីសុំការអនុញ្ញាតផ្អាកនាំចូលសាច់បង្កកពីបរទេស។
ពាក់ព័ន្ធនិងករណីខាងលើនេះដែរ តាមរយៈផេករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានអះអាងថា សាច់ក្របីនេះត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមកប្រទេសកម្ពុជា។ មួយវិញទៀតសាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភ័ស្ដុតាងវិទ្យាសាស្ត្រណា បង្ហាញថាវីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារនិងចំណីអាហារ ក្នុងរយៈពេលជិត ៣ខែនោះទេ។
បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានត្រួតពិនិត្យ និងរកឃើញសាច់បង្កកដែលនាំចូលពីប្រទេសឥណ្ឌាមានផ្ទុកមេរោគកូវីដ-១៩ នៅព្រឹកថ្ងៃពុធម្សិលមិញនេះ មន្ត្រីជំនាញក៏បានធ្វើពិធីដុតកម្ទេចចោលនៅឯស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺផងដែរ។
ដោយឡែកជុំវិញបញ្ហានេះដែរ អាជីវករលក់សាច់ចម្រុះ នៅផ្សារតាំងកសាង ស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ អ្នកស្រី ប៉ាក សារ៉េម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បាននិយាយថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ការលក់មានការថយចុះ ដោយសារមិនសូវមានអ្នកដើរច្រើន។ អ្នកស្រីឲ្យដឹងទៀតថា បន្ទាប់ពីផ្ទុះព័ត៌មានរកឃើញវីរុសក្នុងសាច់បង្កកពីការនាំចូល ក៏ជះឥទ្ធិពលខ្លះដែរដល់អាជីវកម្មអ្នកស្រីផងដែរខណ:ការលក់របស់អ្នកស្រីសុទ្ធសឹងជាផលិតផលក្នុងស្រុកទាំងអស់ដូចជាមាន់និងទាយកពីកសិដ្ឋានបណ្តាខេត្ត គ្រឿងសមុទ្រមកពីខេត្តកោះកុង និងសាច់គោមកពីក្បែរផ្ទះអ្នកស្រីស្ថិតនៅពោធិ៍ចិនតុងដែលគេកាប់លក់ជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះលោក ភិន សុផល ជាប្រជាពលរដ្ឋរស់នៅក្បែរផ្សារតាំងកសាង ក៏បានលើកឡើងដែរថា ការទិញម្ហូបអាហារសព្វថ្ងៃនេះ មិនសូវជាព្រួយបារម្ភណាស់ណាទេ ដោយសារមិនសូវចេញក្រៅ និងម្យ៉ាងវិញទៀត រាល់ម្ហូបអាហារដែលទទួលទានសព្វថ្ងៃនេះ ទាល់តែស្គាល់ និងដឹងប្រភពច្បាស់លាស់ ទើបសម្រេចហ៊ានទិញ។
គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលកម្ពុជា បានសម្រេចផ្អាកបណ្តោះអាសន្ននូវការនាំចូលសាច់បង្កក និងផលិតបង្កកផ្សេងទៀត ពីប្រទេសឥណ្ឌា។ ខណៈលើកទី១ បានធ្វើឡើងនៅដើមខែឧសភា បន្ទាប់ពីប្រទេសឥណ្ឌា មានករណីឆ្លងជំងឹកូវីដ-១៩ខ្លាំង៕ដោយ៖សហការី
រូបភាព៖អាជីវករលក់សាច់ចម្រុះនៅផ្សារតាំងកសាំង