ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដោយអនុវត្តតាមសារាចរលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាកំហិត។
ជាមួយគ្នានេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចាត់តាំងក្រុមការងារដើម្បីតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានការបើកអាជីវកម្មខាងលើជាដាច់ខាត៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដូចខាងក្រោម៖
ដោយ៖សហការី