ភ្នំពេញ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាចិត្តយ៉ាងមុតមាំអនុវត្តភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណារក្សាឲ្យបាននូវនិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ២០៣០ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយ “កសិកម្មកម្ពុជា ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាសធាតុ ភាតរៈបរិស្ថាន នវានុវត្តន៍ និរន្តរភាព ប្រាក់ចំណូល វិបុលភាព សុខុមាល ភាព និងជាពិសេសជំរុញការនាំចេញ”។ ដើម្បីធ្វើឲ្យមហិច្ឆតានេះសម្រេចបាន ក្រសួងបានដាក់ ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ក្នុងគោលដៅចម្បងគឺបង្កើនតម្លៃបន្ថែមលើកសិផលឱ្យស្របតាមការរីកចម្រើកសេដ្ឋកិច្ច និងសង្គម ឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្របខណ្ឌគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥។ នេះជាការលើកឡើងរបស់ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា, វិស័យកសិកម្មកម្ពុជាមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ធ្វើការអភិវឌ្ឍ នេះបើយោងតាមលក្ខណភូមិសាស្រ្តអំណោយផល តម្រូវការទីផ្សារកសិផលក្នុងស្រុកជារួម និងដោយឡែកទីផ្សារនៅក្នុងតំបន់ និងអន្តរជាតិក៏កំពុងមានការកើនឡើងជាលំដាប់។ ជាងនេះទៅទៀត អ្វីដែលគួរឲ្យកត់សម្គាល់គឺការផ្លាស់ប្តូរឥរិយាបថរបស់កសិករ ពីការផលិតជាលក្ខណគ្រួសារទៅជាការផលិត ជាក្រុម ជាបណ្តុំ និងជាសហគមន៍ផលិត ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការ អនុវត្តកសិកម្មល្អ (CamGAP) និងជាបន្តបន្ទាប់ប្រែក្លាយទៅជាកសិពាណិជ្ជករ ប្រកបដោយភាពវៃឆ្លាតក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថល ធានាបានការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ ស្របទៅតាមនិន្នាការនៃការវិវឌ្ឍន៍រីកចម្រើននេះ និងការផ្លាស់ប្តូរឥរិយាបទនៃអ្នកផលិតជាវិជ្ជមាន ក្រសួងបានគិតគូយកចិត្តទុកដាក់ខ្ពស់បន្តធ្វើទំនើបកម្មវិស័យកសិកម្ម លើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលបម្រើដល់ផលិតកម្មកសិកម្ម ការកែច្នៃ លើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវបច្ចេកទេស សំដៅបង្កើនទិន្នផលដំណាំ ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពមន្ទីរពិសោធន៍ជាតិ។
ចំពោះគោលនយោបាយជំរុញការនាំចេញកសិផល ក្រសួងបានយកចិត្តទុកដាក់លើកកម្ពស់គុណភាព សុវត្ថិភាព តាមរយៈការអនុវត្តកសិកម្មល្អ (GAP) ប្រព័ន្ធធានាដោយមានការចូលរួម (PGS) សម្រាប់បន្លែ និងផ្លែឈើ ការអនុវត្តកសិកម្មសរីរាង្គ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍កសិកម្ម ស្របតាមតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស និងស្របតាមស្តង់ដារអន្តរជាតិ (ISO)។ យោងតាមការចាំបាច់ នៅឆ្នាំ២០០៨ ក្រសួងបានបង្កើតមន្ទីរពិសោធន៍ជាតិកសិកម្ម (National Agriculture Laboratory, NAL) តាមរយៈអនុក្រឹត្យលេខ១៨៨អនក្រ បក ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានកសិកម្ម។
១- តួនាទី និងភារកិច្ចរបស់ NAL ៖
– វិភាគគុណភាពថ្នាំកសិកម្ម (Pesticide Formulation) និងជីកសិកម្ម
– វិភាគសំណល់ថ្នាំកសិកម្មក្នុងបន្លែ និងផ្លែឈើ
– វិភាគជីជាតិដីកសិកម្ម N P K Cu Mg Na Ca
– វិភាគជីសរីរាង្គ ជីជីវសាស្រ្ត និងថ្នាំជីវសាស្រ្ត
– វិភាគគុណភាពគ្រាប់ពូជ (ដំណុះ សំណើម ភាពសុទ្ធ) និង
– បណ្តុះជាលិកាវប្បកម្មដំណាំចេក។
លោករដ្ឋមន្ត្រីថ្លែងថា, បច្ចុប្បន្ន NAL បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មវិភាគសំណាកដី ជី ទឹក រុក្ខជាតិ គុណភាពថ្នាំកសិកម្ម សំណល់ថ្នាំកសិកម្មក្នុងបន្លែ ផ្លែឈើ គុណភាពជីជីវសាស្រ្ត គុណភាពជីសរីរាង្គ និងគុណភាពគ្រាប់ពូជដល់អតិថិជនមកពីស្ថាប័នរដ្ឋ ឯកជន សហគមន៍អភិវឌ្ឍន៍កសិកម្ម និងគម្រោងនានា គិតជាមធ្យមមានចំនួនពី ៣ ០០០-៤ ០០០សំណាក/ឆ្នាំ។
យោងលើតម្រូវការចាំបាច់ អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយទីភ្នាក់ងារ JICA និងធនាគារ ADB សហការអនុវត្តគម្រោងស្តីពី ” ការពង្រឹងសមត្ថភាពវិភាគសំណល់ថ្នាំកសិកម្មក្នុងផលិតផលកសិកម្ម” ដែលមានរយៈពេល០២ឆ្នាំ (២០២០- ២០២២)។ គម្រោងនេះគាំទ្រដល់ការវិភាគសំណល់ថ្នាំកសិកម្មលើបន្លែ និងឈើហូបផ្លែ និងសម្រាប់ការអនុវត្តវិធានសមស្រប ការធ្វើអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពចំពោះការលក់ និង ការធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនៅ ក្នុងប្រទេស។ ទីភ្នាក់ងារ JICA គាំទ្រលើការបណ្តុះបណ្តាល ធនធានមនុស្ស និងផ្តល់សម្ភារពិសោធន៍ ធនាគារ ADB គាំទ្រដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍តាមរយៈគម្រោង Agricultural Value Chain Competitiveness and Safety Enhancement Project (ACSEP)។
២- គម្រោងមានសកម្មភាពសំខាន់ៗ ដូចខាងក្រោម ៖
– ចុះអង្កេតលើការប្រើប្រាស់ និងការធ្វើអាជីវកម្មថ្នាំកសិកម្ម នៅតាមខេត្តគោលដៅ
– ពង្រឹងសមត្ថភាពវិភាគសំណល់ថ្នាំកសិកម្ម
– បណ្តុះបណ្តាលមន្រ្តី និងអនុវត្តផ្ទាល់
– បង្កើតវិធីវិភាគសំណល់ថ្នាំកសិកម្មចម្រុះក្នុងផលិតផលដំណាំ
– រៀបចំសិក្ខាសាលា ផ្លាស់ប្តូរបច្ចេកទេសវិភាគក្នុងចំណោមមន្ទីរពិសោធន៍ជំនាញពាក់ព័ន្ធ
– ពង្រឹងសមត្ថភាពក្នុងការអនុវត្ត និងជំនាញថែរក្សាឧបករណ៍វិភាគ
– ធ្វើទស្សនកិច្ចសិក្សា ឬបណ្តុះបណ្តាលក្រៅប្រទេសស្តីពីការវិភាគសំណល់ថ្នាំកសិកម្ម
– បង្កើតយន្តការគ្រប់គ្រងព័ត៌មាន និងគោលការណ៍ណែនាំនៃការគ្រប់គ្រងថ្នាំកសិកម្ម
– ចុះត្រួតពិនិត្យ និងយកសំណាកសង្ស័យខូចគុណភាពដើម្បីអនុវត្តតាមបទដ្ឋានគតិយុត្ត
– បង្កើត និងកែលម្អប្រព័ន្ធទិន្នន័យថ្នាំកសិកម្មដើម្បីងាយស្រួលក្នុងការតាមដាន និងព្យាករណ៍
– ត្រួតពិនិត្យគុណភាពថ្នាំកសិកម្មឡើងវិញតាមតំបន់គោលដៅដោយនាយកដ្ឋាននីតិកម្មកសិកម្ម និងវិភាគដោយ NAL
– ធ្វើសុពលភាពវិធីសាស្រ្តវិភាគគុណភាពថ្នាំកសិកម្មចំនួន០៥បន្ថែមទៀតដោយ NAL
– វិភាគគុណភាពថ្នាំកសិកម្មដែលសង្ស័យថាខូចគុណភាពតាមសំណើរបស់ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ និងកសិករ ។
៣- លទ្ធផលសម្រេចបានមានដូចខាងក្រោម ៖
– JICA បានបញ្ចូនអ្នកជំនាញការចំនួន០២រូបមកបំពេញការងារនៅ NAL
– បានបញ្ចប់ការចុះធ្វើអង្កេតការប្រើប្រាស់ថ្នាំកសិកម្មរបស់កសិករ និងការធ្វើអាជីវកម្មថ្នាំកសិកម្មនៅតាមខេត្តគោលដៅចំនួន០២ (កណ្តាល និងបាត់ដំបង)។
– បានវាយតម្លៃសមត្ថភាពមន្ទីរពិសោធន៍ ធនធានមនុស្ស ឧបករណ៍ និងសម្ភារ ដែលមានស្រាប់
– បានពិនិត្យ និងវាយតម្លៃឧបករណ៍ និងសម្ភារ/បរិក្ខាដែលមានស្រាប់ និងទិញបន្ថែមឧបករណ៍សម្ភារចំបាច់មួយចំនួន
– បានទទួលសម្ភារពិសោធន៍ (Glassware) ចំនួន១៤ប្រភេទ និងកំពុងបញ្ជាទិញបន្ថែមទៀតសម្រាប់ការងារបណ្តុះបណ្តាល
– បានសិក្សាវាយតម្លៃសមត្ថភាពមន្ទីរពិសោធន៍ និងធ្វើបច្ចុប្បន្នភាព (ធនធានមនុស្ស ឧបករណ៍ និងសម្ភារ) ឱ្យក្លាយជាមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ (ISO: 17025-2017)
– បានវាយតម្លៃសមត្ថភាពមន្រ្តីតាមរយៈបញ្ជីសំនួរស្តីពីបទពិសោធន៍កន្លងមក ការប្រើប្រាស់ឧបករណ៍ និងមូលដ្ឋានគ្រឹះនៃការវិភាគសំណល់ថ្នាំកសិកម្ម
– បានបណ្តុះបណ្តាលមន្រ្តី និងអនុវត្តផ្ទាល់ក្នុងការវិភាគសំណល់ថ្នាំកសិកម្មចំនួន០២វគ្គ។
៤- ទិសដៅអនុវត្តបន្ត ៖
– ពង្រឹងការគ្រប់គ្រងថ្នាំកសិកម្ម
– ការគ្រប់គ្រងមន្ទីរពិសោធន៍
– ការវិភាគសំណល់ថ្នាំកសិកម្ម
– មូលដ្ឋានគ្រឹះស្ថិតិនៃការវិភាគសំណល់ថ្នាំកសិកម្ម
– ថ្នាំកសិកម្មខុសច្បាប់ និងបញ្ហាប្រឈម
– ការវិភាគគុណភាពថ្នាំកសិកម្ម
– ប្រព័ន្ធផ្តល់លិខិតអនុញ្ញាតដល់ដេប៉ូ និងការកែលម្អការត្រួតពិនិត្យថ្នាំកសិកម្មនៅទីតាំងផ្ទាល់។
លោករដ្ឋមន្ត្រីបញ្ជាក់ថា, ប្រសិនបើអតិថិជនមានបំណងចង់យកសំណាកទៅវិភាគនៅមន្ទីរពិសោធន៍ជាតិកសិកម្ម សូមអញ្ជើញទាក់ទងទៅលោក នៅ រតនា ជាប្រធាន លេខ ០១២ ៤៣៤៤៤៨៕
ដោយ៖សិលា