ព័ត៌មានទាន់ហេតុការណ៍៖

នាវាពាណិជ្ជកម្មរបស់អុីស្រាអែលរងការវាយប្រហារនៅតំបន់សមុទ្រ អារ៉ាប់ នាវិក២នាក់ស្លាប់

ចែករំលែក៖

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា នាវាពាណិជ្ជកម្មមួយគ្រឿងរបស់អុីស្រាអែល បានរងការវាយប្រហារនៅតំបន់សមុទ្រ អូម៉ង់(Oman) ស្ថិតនៅក្នុងឈូងសមុទ្រអារ៉ាប់ ។ នៅពេលនេះ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវថា តើក្រុមណាជាអ្នកវាយប្រហារ។
នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុនដឹកជញ្ជូន Zodiac Maritime របស់អុីស្រាអែលបាន
បញ្ជាក់ថា នាវាដឹកទំនិញ Mercer Street បានរងការវាយប្រហារ បណ្តាលឱ្យនាវិកពីរនាក់ស្លាប់ ដែលក្នុងនោះមានជនជាតិអង់គ្លេសម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់។ នាវាខាងលើត្រូវបានកម្លាំងទាហានជើងទឹកអាមេរិកអមការពារ ក្រោយរងការវាយប្រហារ។
បណ្តាញទូរទស្សន៍ប៉ុស្ត៍លេខ១៣ របស់អុីស្រាអែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះ ដែលបានឱ្យដឹងថា អុីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារខាងលើ។ មន្ត្រីអុីស្រាអែលបញ្ជាក់ថា នាវារងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅតំបន់សមុទ្រប្រទេសអូម៉ង់ ក្នុងតំបន់សមុទ្រអារ៉ាប់ ។
ក្នុងពេលជាមួយគ្នានោះប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Benny Gantz និងអគ្គមេបញ្ជាការកងទ័ពអុីស្រាអែល
បានបើកកិច្ចប្រជុំជាបន្ទាន់ដើម្បីវាយតម្លៃពីស្ថានភាពក៏ដូចជាកំណត់ថា តើក្រុមណានៅពីក្រោយការវាយប្រហារខាងលើ ៕

ដោយ៖ធីរីណា(រូបថត៖Jerusalem Post.)


ចែករំលែក៖