ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី៣០ខែកក្កដា បានប្រកាសថា បានចាប់នាវាដឹកប្រេងមួយគ្រឿង មានចំណុះ២.៧៣៤តោន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសិង្ហបុរី បានប្រើប្រាស់ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសកូរ៉េខាងជើង។
តាមការប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក នាវា M/T Courageous បានប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រេងនិងទំនិញមួយចំនួនទៅកាន់កំពង់ផែ Nampo របស់កូរ៉េខាងជើង ។
បច្ចុប្បន្នអាមេរិក កំពុងតែចោទប្រកាន់ពីបទគេចពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកទៅលើកូរ៉េខាងជើង និងការប៉ុនប៉ង់លាងលុយខ្មៅ។ ម្ចាស់គ្រប់គ្រងនាវា គឺលោក Kwek Kee Seng មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។ តុលាការទីក្រុងញូវយ៉ក បានចេញសាលក្រមនៅថ្ងៃទី៣០ ខែកក្កដា ក្នុងការចាប់នាវាដឹកប្រេង M/T Courageous។
ក្រសួងយុត្តិធម៌អាមេរិក DOJ បានចេញសេចក្តីប្រកាសថា «នាវាដឹកទំនិញសិង្ហបុរី បានព្យាយាមគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើកូរ៉េខាងជើង ។ តាមសារព័ត៌មានរ៉យទ័របានបញ្ជាក់ថា កូរ៉េខាងជើងនៅតែទទូលរងនូវការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ និងអាមេរិក ពាក់ព័ន្ធកម្មវិធីបរមាណូ។
មកទល់ពេលនេះកូរ៉េខាងជើង នៅតែច្រានចោលការអំពាវនាវរបស់អាមេរិកក្នុងការវិលត្រឡប់ចូលតុពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ ដើម្បីដោះដូរនឹងការលុបទណ្ឌកម្មដល់កូរ៉េខាងជើង ៕ដោយ៖ធីរីណា