ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម វុទ្ធី ប្រគេនទៀនវស្សាព្រមទាំងទេយ្យទាន និងបច្ច័យ ប្រគេនដល់វត្តចំនួន ៥ក្នុងឃុំល្វេ ស្រុកកោះសូទិនខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្នុងឱកាសដែលបងប្អូនជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស ប្រារព្ធពិធីបុណ្យចូលព្រះវស្សានាឱកាសឆ្នាំនេះ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បាននាំយកនូវទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និងបច្ច័យ យកទៅប្រគេន ដល់ព្រះសង្ឍគង់ក្នុងទីអារាមវត្តចំនួន ៥ក្នុង ឃុំល្វេ ស្រុកកោះសូទិនខេត្តកំពង់ចាម ក្នុងរដូវកាល ចូល ព្រះវស្សា រយៈពេល ៣ខែ ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលត្រូវគង់នៅ តែក្នុង វត្តរៀនសូត្រធម៌វិន័យ ផ្សេងៗ ក្នុងរយៈពេល ៣ខែនៃការចូលកាន់ព្រះវស្សានេះ។
សូមបញ្ជាក់ថា ,ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធ សាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យ យ៉ាង ខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នា ប្រារព្ធពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅ ប្រគេន ព្រះសង្ឃ តាមលទ្ធភាព។
សម្រាប់វត្តអារាមនីមួយៗ ក្នុងរយៈ ពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយ និមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយ តាំងចិត្តត្រលប់មកវិញ ក្នុង រយៈពេល៧ថ្ងៃ។
បុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្ដើមនៅ នៅពេលព្រឹកឡើងនៅថ្ងៃទី ១រោច ខែអាសាឍ មានម្ហូបអាហារ បង្អែមប្រគេនដល់ព្រះសង្ឃ ហើយក្នុងអំឡុងរយៈ ៣ខែនេះ បង ប្អូនដែលមាន ទម្លាប់គោរព ព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូប នំចំណី និងគ្រឿង ប្រើប្រាស់ ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងអំឡុងពេលគង់ចាំព្រះវស្សា នេះ។
នៅក្នុងឱកាសនោះ លោក ឃឹម វុទ្ធី រួមនឹងថ្នាក់ដឹកនាំក្រោមឱវាទ បានប្រគេនបច្ច័យជូនដល់វត្តចំនួន ៥ ក្នុងឃុំល្វេ ដោយក្នុង ១វត្ត ថវិកាចំនួន ៦០ ម៉ឺនរៀល ទឹកសុទ្ធ ២កេស​ ទឹកផ្លែឈឺ ២កេស​ ទឹកស៊ីអ៊ីវ ២ យួរទឹកត្រី២ យួរ​ តត្រីខ២ យួរ​ មី២ កេស​ អង្ករ​ ២បាវ​ និងប្រគេនដល់ព្រះសង្ឃមួយអង្គ ១០ ម៉ឺនរៀល៕

ដោយ៖ សិលា


ចែករំលែក៖