ព័ត៌មានទាន់ហេតុការណ៍៖

ឆេះហាងនំប៉័ងសូរសូគិរីវង់​ នៅផ្លូវជាតិលេខ២​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖​ អគ្គិភ័យឆាបឆេះហាងនំប៉័ង​ យីហោសូរសូគិរីវង់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២​ ភូមិកណ្ដាល​ សង្កាត់រលួស​ ខណ្ឌដង្កោ​ បង្កនិងការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ នឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល កាលពីវេលាម៉ោង២និង ១៥នាទីរសៀលថ្ងៃទី២ ខែសីហាឆ្នាំ ២០២១​ ។ 

    សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ហាងនំប៉័ងខាងលើមានឈ្មោះ​ ចែ​ លក្ខិណា​ ភេទស្រី​ អាយុ៤០ ឆ្នាំស្នាក់នៅកន្លែងកើតហេតុ​ ។ 

    តាមប្រភពព័ត៌មានពីកម្មករធ្វើការនៅហាងនំប៉័ងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេឮស្នូរសំឡេងផ្ទុះចេញពីឡដុតនំប៉័ងខាងក្រោយពេលនោះក៏មានផ្សែងហុយចេញឡេីងត្រឡោម​ ហេីយស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះចេញមក ពួកគេក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ជាបឋមអស់ជាច្រើនបំពង់តែមិនរលត់ដោយសារតែស្ថានភាពអណ្ដាតភ្លើងនិងផ្សែងហុយខ្លាំងពេកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីជួយអន្តរាគមន៍។

    បន្ទាប់ពីទទួលបានព័ត៌មានថាមានអគ្គិភ័យឆាបឆេះហាងនំប៉័ងខាងលើ​ អាជ្ញាធរនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស​ ក៏បានរាយការណ៍ទៅភ្ងាក់ងារបង្ការពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌដង្កោបានចេញរថយន្តមកបាញ់ពន្លត់ទាន់ពេលវេលា ។ ដោយរថយន្តពន្លត់អគ្គិភ័យដែលចុះទៅជួយអន្តរាគមន៍ក្នុងករណីអគ្គិភ័យខាងលើសរុបទាំងអស់ចំនួន៨ គ្រឿងហើយបានប្រើប្រាស់អស់ទឹកចំនួន៣ គ្រឿង​ បាញ់រលត់ទាំងស្រុង នៅវេលាម៉ោង ២និង ៤០នាទីរសៀលថ្ងៃទី ២ ខែសីហាឆ្នាំ២០២១។

      សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា​ ករណីអគ្គិភ័យខាងលើមូលហេតុបណ្ដាលមកពី(ឆ្លងចរន្តអគ្គិសនី)​ហើយនៅក្នុងករណីខាងលើនេះគឺមិនមានអ្នកណារងរបួសនោះទេ​ និងមិនរាលដាលឆាបឆេះដល់ផ្ទះអ្នកជិតខាងនោះដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖