ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ចថៃអាចនឹងខាតបង់ទឹកប្រាក់១២ពាន់លានដុល្លារ ដោយសារតែការបិទប្រទេសរយៈពេលយូរ

ចែករំលែក៖

មន្ទីរពាណិជ្ជកម្មថៃ TCC បានប៉ាន់ប្រមាណថា ការអូសបន្លាយពេលវេលាបិទខ្ទប់ និងការពង្រីកតំបន់បិទខ្ទប់ឡើងដល់ ២៩ ក្នុងចំណោម៧៧ខេត្តក្រុងទូទាំងប្រទេស បង្កឲ្យខាតបង់សេដ្ឋកិច្ចយ៉ាងតិចពី ៣០០-៤០០ពាន់លានបាត(ប្រមាណ១២លានដុល្លារអាមេរិក) ។
រដ្ឋាភិបាលថៃ នៅថ្ងៃទី១ខែសីហា បានសម្រេចពន្យារពេលប្រកាសអាសន្នដែលបានអនុម័តតាំងពីថ្ងៃទី១២ខែកក្កដា បន្ថែមរយៈពេល២សប្តាហ៍ទៀត។ ទន្ទឹមនឹងនោះក៏បានដាក់បន្ថែម១៦ខេត្តក្នុងបញ្ជីតំបន់ក្រហមចាស់(ស្ថិតនៅក្នុងការគ្រប់គ្រងតឹងតែងបំផុត)ដើម្បីទប់ស្កាត់កូវីដ-១៩។
លោក Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩( CCSA)បានបញ្ជាក់ថា ចាប់តាំងពីម៉ោង៩យប់ដល់ម៉ោង៤ភ្លឺ ក្នុងទីក្រុងបាងកកនិង ២៨ខេត្តក្រុង ក្នុងរយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃទី៣ខែសីហាឆ្នាំ ២០២១ ។
តាមការបញ្ជាក់របស់ CCSA នៅថ្ងៃទី១៨ខែសីហាក្រុមជំនាញនឹងវាយតម្លៃជាថ្មី ហើយអាចអូសបន្លាយរហូតដល់ថ្ងៃទី៣១ខែសីហា ប្រសិនបើស្ថានភាពនៅតែមិនល្អប្រសើរឡើងវិញ ។ ដូច្នេះចាប់ពីថ្ងៃទី ៣ខែសីហានេះ តំបន់ក្រហមចាស់ ជាតំបន់គ្រប់គ្រងតឹងតែងបំផុតនៅក្នុងប្រទេសថៃ បានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
ការខាតបង់ដោយសារតែបិទខ្ទប់ខេត្តក្រុងចំនួន ២៩ ដែលជាតំបន់ក្រហមចាស់ធ្វើឲ្យប្រទេសនេះខាតបង់ប្រាក់ប្រមាណ ពី៣០០-៤០០ពាន់លានបាតក្នុងមួយខែ។ តំបន់ក្រហមចាស់ គឺជាតំបន់សេដ្ឋកិច្ចសំខាន់របស់ថៃ ដោយមានវិស័យឧស្សាកម្ម ដូចជាខេត្ត Nakhon Ratchasima, Rayong, Saraburi និងSamut Songkram។
នៅថ្ងៃទី២ខែសីហានេះ ថៃរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៧,៩៧០ករណី និងស្លាប់ ១៧៨នាក់ ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះ កើនឡើងដល់ជាង៦០៤ពាន់នាក់ និងស្លាប់ ជាង៥,១០០នាក់៕ដោយ៖ ធីរីណា

រូបភាព៖Bangkok post+TTXVN 


ចែករំលែក៖