ក្រុងប៉ោយប៉ែត៖ គួរឲ្យសរសើរ ដែលសមត្ថកិច្ចថៃបានចូលជួយស្រ្តីខ្មែរម្នាក់ពពោះជិតសម្រាលកូន នៅក្នុងផ្សាររោងគ្លឿ ក្រោយពីស្នើសុំឲ្យជួយសង្រ្គោះរបស់អាជីវករខ្មែរ ក្រុមនគរបាលថៃទៅជួយសង្រ្គោះពីបន្ទប់ស្នាក់នៅផ្សារហ្គោដិនកេថ ឡក N28 រួចបញ្ជូនទៅមន្ទីរពេទ្យស្រុកអារញ្ញ សម្រាលកូនដោយសុវត្ថិភាពនៅថ្ងៃទី២សីហា ២០២១ នេះ។
អាជីវករក្នុងផ្សាររោងក្លឿ(ថៃ)ថា លោកវរសេនីយ៍ឯក ឈុនណៈផាន់ សិរិលើស មេបញ្ជាការនគរបាលខ្លងលឹក ស្រុកអារញ្ញ សហការជាមួយលោកវរសេនីយ៍ទោ ថានៈពល ឆនះសុភកញ្ញចន ប្រធានក្រុមនគរបាលការពារនិងបង្រ្កាប ខ្លងលឹង និងនគរបាលខ្លងលឹក បានចូលទៅជួយសង្រ្គោះស្រ្តីពពោះជិតសម្រាលកូន មានឈ្មោះ លាក់ ហុន អាយុ៣០ឆ្នាំ ដោយមានលោក ឈៀង វណ្ណា អាយុ៣៥ឆ្នាំ ជាស្វាមីយកទៅដាក់ឲ្យអង្គុយក្នុងរថយន្តប៊ិកអាប់នគរបាល ផ្នែកខាងក្រោយ ដើម្បីការពារការរាតត្បាតរបស់កូវីដ-១៩ ។បន្ទាប់មកសមត្ថកិច្ចនគបាលថៃ បានជួយបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យស្រុកអារញ្ញ បានយ៉ាងទាន់ពេលវេលា ។
ក្នុងការជួយសង្គ្រោះនោះខាងពលរដ្ឋខ្មែរដែលមានមុខរបរលក់ដូរនៅផ្សារខាងលើសូមថ្លែងអំណរគុណចំពោះនគរបាលខ្លងលឹកថៃគ្រប់រូប ដែលបានជួយសង្រ្គោះលើស្ត្រីខាងលើ។
មេបញ្ជាការនគរបាលខ្លងលឹក បានឲ្យដឹងថា ក្នុងការជួយសង្រ្គោះលើកនេះ ដោយសារបានទទួលសេចក្ដីរាយការណ៍ ពីសមត្ថកិច្ចប្រចាំគោលដៅត្រួតពិនិត្យកូវីដ-១៩ នៅបរិវេណជុំវិញផ្សាររោងគ្លឿថា មានស្រ្តីជិតសម្រាលកូនត្រូវការជំនួយសង្គ្រោះភ្លាមៗ ទើបឲ្យនគរបាលចូលទៅជួយ។ តែដោយស្ថានការណ៍បច្ចុប្បន្ន ការជួយសង្រ្គោះត្រូវធ្វើឲ្យមានសុវត្ថិភាពរបស់សមត្ថកិច្ចដូចគ្នា ព្រោះអាចហ្នឹងឆ្លងជំងឺកូវីដ-១៩ ទើបចាំបាច់ត្រូវឲ្យអង្គុយក្នុងរថយន្តផ្នែកខាងក្រោយ រួចបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា។សមត្ថកិច្ចថៃបានទទួលពាក្យថ្លែងអំណរគុណពីពលរដ្ឋខ្មែរ តែចាត់ទុកករណីខាងលើ ក៏ជាតួនាទីរបស់នគរបាល ដែលត្រូវមើលថែប្រជាជន មិនថា ជាបងប្អូនជនជាតិថៃ ឬបងប្អូនជនជាតិខ្មែរ ដែលមកស្នាក់នៅរកស៊ីក្នុងប្រទេសយើង បើទទួលរងនូវការលំបាកត្រូវការជួយសង្រ្គោះភ្លាមៗ ក្រៅពីការពារសុវត្ថិភាព និងសេចក្ដីសុខក្នុងសង្គម៕
ដោយ ៖ វណ្ណា