ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខណ្ឌដូនពេញ​៖ ចុះបិទទីតាំងសណ្ឋាគារ Queen Grand Boutique Hotel ស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២៥៨​ សង្កាត់ចតុមុខ

ចែករំលែក៖

ភ្នំពេញ​៖ ដោយ​យោងគោលការណ៍ដឹកនាំរបស់ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ​ អភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង​ ៦ព្រលប់ថ្ងៃចន្ទទី០២ ខែសីហា ឆ្នាំ២០២១​ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះធ្វើការបិទទីតាំងសណ្ឋាគារ Queen Grand Boutique Hotel ស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២៥៨ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយពីទទួលបាននូវគោលការណ៍ដឹកនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ឱ្យ​បិទទីតាំងដែលសង្ស័យមានអ្នកពាក់ព័ន្ធនឹងវីរុសកូវីដ១៩ ហើយទីតាំងខាងលើនេះ ក្រុមការងារសង្ស័យមានអ្នកជាប់ពាក់ព័ន្ធនឹងវីរុសកូវីដ១៩ ។

ជាមួយគ្នានេះ​ ក្រុមការងារបានណែនាំដូចខាងក្រោម ៖

*១. ម្ចាស់ត្រូវបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន ។

*២. ម្ចាស់ទីតាំងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
*៣. អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
*៤. ម្ចាស់ទីតាំងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ រួចអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅយកសំណាកតាមវិធានសុខាភិបាល ។
*៥. ម្ចាស់ទីតាំងត្រូវបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ ។
*៦. ក្នុងករណី ម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌនឹងអនុវត្តតាមច្បាប់ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ និងជម្ងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ។ក្រោយ​ប្រតិបត្តិការ​ អាជ្ញាធរ​បានបញ្ចប់​កំណត់ហេតុនៅវេលាម៉ោង១៨​ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល៕

ដោយ​៖ស​ តារា​


ចែករំលែក៖