ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនិងឥណ្ឌានឹងបញ្ជូនតំណាងទៅចូលរួមពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីអុីរ៉ង់

ចែករំលែក៖

នៅថ្ងៃទី៣ខែសីហា បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់ បានផ្សាយផ្ទាល់ ពិធីប្រកាសតែងតាំងប្រធានាធិបតី ថ្មីរបស់អុីរ៉ង់ ។ មេដឹកនាំជាន់ខ្ពស់ Ayatollah Ali Khamenei បានប្រកាសជាផ្លូវការថា លោក Ebrahim Raisi ក្លាយជាប្រធានាធិបតីអុីរ៉ង់ ។

នៅក្នុងសេចក្តីប្រកាសតែងតាំង របស់មេដឹកនាំសាសនាជាន់ខ្ពស់អុីរ៉ង់ Ayatollah Ali Khamenei បានបញ្ជាក់ថា« តាមការជ្រើសរើសរបស់ពលរដ្ឋអុីរ៉ង់ ខ្ញុំសូមប្រកាសថា លោក Hojatoleslam Ebrahim Raisi មានការព្យាយាម តស៊ូ មានបទពិសោធន៍ ហើយទទួលបានការគាំទ្រឲ្យក្លាយជាប្រធានាធិបតីដើម្បីដឹកនាំសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់»។
នៅក្នុងពិធីប្រកាសតែងតាំង មេដឹកនាំសាសនាអុីរ៉ង់ លោក Khamenei បានបញ្ជាក់ថា ប្រធានាធិបតីថ្មីនឹងជំរុញការលុបទណ្ឌកម្មដែលអាមេរិកបានអនុម័តមកលើប្រទេសអុីរ៉ង់។

លោកបញ្ជាក់ថា សេដ្ឋកិច្ចអុីរ៉ង់នឹងកែប្រែរីកចម្រើនក្រោយអាមេរិកលុបទណ្ឌកម្ម ដែលបានអនុម័តដាក់កាលពីឆ្នាំ២០១៨ ក្រោយអតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀង ៥+១ ដែលបានចុះហត្ថលេខា នៅឆ្នាំ២០១៥ ដែលមាន អង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិក បូកជាមួយអាល្លឺម៉ង់។
ក្រោយការប្រកាសជាផ្លូវការរបស់មេដឹកនាំសាសនាជាន់ខ្ពស់ Khamenei នៅថ្ងៃទី ៥ខែសីហា លោក Raisi នឹងស្បថចូលកាន់តំណែងជាផ្លូវការ ។ នៅក្នុងពិធីស្បថចូលកាន់តំណែង រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar នឹងចូលរួមពិធីនោះដែរ ដែលជាការបង្ហាញពីទំនាក់ទំនងយ៉ាងល្អរវាងអុីរ៉ង់នឹងឥណ្ឌា។ ចំណែកសហគមន៍អឺរ៉ុប នឹងបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួម នៅក្នុងពិធីឡើងកាន់តំណែងនោះដែរ ។
អ្នកនាំពាក្យរដ្ឋសភាអុីរ៉ង់ លោក Nezamoddin Mousavi បានបញ្ជាក់ថា មានមន្ត្រី១១៥រូបមកពី៧៣ប្រទេស ក្នុងនោះមានប្រមុខដឹកនាំប្រទេសចំនួន១០រូប រដ្ឋមន្ត្រីការបរទេសចំនួន១១រូប និងរដ្ឋមន្ត្រី១០រូបផ្សេងទៀត មកចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអុីរ៉ង់ ៕

ដោយ៖ធីរីណា(រូបភាព៖TTXVN)


ចែករំលែក៖