ព័ត៌មានទាន់ហេតុការណ៍៖

ចាន់ណា រ៉ូណាន ត្រៀមប្រឡូកក្នុងភាពយន្តភាគប្រវត្តិសាស្ត្រធំមួយក្រោយភាពយន្តខ្នាតធំជិត១០រឿងធ្លាប់ផ្ទុះការគាំទ្រខ្លាំង

ចែករំលែក៖

ភ្នំណេញ៖ អស់រយៈពេលជិត១០ឆ្នាំហើយដែលផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន លេចមុខក្នុងការផលិតភាពយន្តខ្នាតធំ ខណៈដែលរឿងទាំងអស់របស់លោកសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។ ពេលនេះលោកបានបង្ហើបពីគម្រោងចូលរួមផលិតភាពយន្តបែបប្រវត្តិសាស្ត្រធំមួយដែលត្រូវចាយពេលរាប់ខែក្នុងការផលិតនោះ។
លោក ចាន់ណា រ៉ូណាន ដែលធ្លាប់សាងភាពលេចធ្លោរក្នុងវិស័យភាពយន្ត ទាំងការ និពន្ធ ដឹកនាំសម្តែង ប្រកបដោយទេពកោសល្យ និងសាច់រឿងប្លែកប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ថ្មីៗនេះលោកបានបញ្ចេញស្នាដៃភាពយន្តខ្នាតធំចំនួន៩រឿងដែលលោកធ្លាប់បានដឹកនាំសម្តែង និងនិពន្ធហើយសុទ្ធតែជាភាពយន្តខ្លឹមៗដែលផ្ទុះការគាំទ្រច្រើនលើសលប់នោះ។ ការរំលឹកស្នាដៃនេះគឺក្រោយពីលោកបានបង្ហើបថា លោកបាននិងកំពុងចូលរួមផលិតភាពយន្តភាគបែបប្រវត្តិសាស្ត្រមួយផងដែរ និងស្នើឲ្យអ្នកដែលមានសមត្ថភាពសម្តែង ចូលរួមសម្តែងបានដោយទំនាក់ទំនងផ្ទាល់ទៅកាន់លោក ព្រោះតែភាពយន្តនេះត្រូវការសិល្បករសម្តែងជាច្រើននាក់។
គេចាំបានថាភាពយន្តទី១ដែលលោកធ្លាប់បានផលិតក្នុងអំឡុងឆ្នាំ២០១២ គឺរឿង “ខ្លាចអីសើចតើ!”។ ខណៈដែលភាពយន្តទី២ គឺរឿង បេសកកម្មស៊ីម២ ដែលត្រូវបានផលិតក្នុងអំឡុងឆ្នាំ២០១៣។ ស្នាដៃទី៣របស់ផលិតកររូបសង្ហារូបនេះគឺក្នុងអំឡុងឆ្នាំ ២០១៤ និងទទួលបានការគាំទ្រច្រើននោះគឺភាពយន្តបែបភ័យរន្ធត់រឿង “៧ថ្ងៃ”។ ស្នាដៃទី៤គឺភាពយន្តបែបកំប្លែង ដែលសម្តែងដោយតារាកំប្លែង នាងខ្ញុង និងលោក ទេពរិន ដារ៉ូ ដែលផលិតក្នុងឆ្នាំ២០១៥ គឺរឿង”ក្រមុំ៣១ កំលោះ៥២។ ភាពយន្តទី៥ ដែលធ្វើឲ្យផ្ទុះកក្រើកផ្អើលអស់មហាជនគឺរឿង”កំណត់ហេតុនាងនាថ” ដែលត្រូវបានផលិតក្នុងអំឡុងឆ្នាំ ២០១៦ នោះ។ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះឡើយគឺភាពយន្តទី៦បែបភ័យរន្ធត់ និងកំប្លែង គឺរឿង “ សរសរកន្លោង”ដែលត្រូវបានផលិតឡើងក្នុងឆ្នាំ២៩១៧។ ស្នាដៃបន្ទាប់គឺភាពយន្តរឿង”ឯណាខ្មោច?” ដែលត្រូវបានផលិតក្នុងអំឡុងឆ្នាំ២០១៨ និងទទួលបានការគាំទ្រច្រើនមិននឹកស្មានផងដែរ។ ស្នាដទី៨ ដែលធ្លាប់ធ្វើឲ្យអ្នកទស្សនាក្នុងរោងភាពយន្តស្រែកផ្អើលរោងស្ទើហើបគូថពីកៅអីគឺរឿង”កុំងាកក្រោយ” ដែលត្រូបានបញ្ចេញក្នុងអំឡុងឆ្នាំ២០១៩នោះតែម្តង។ ស្នាដៃថ្មីចុងក្រោយដែលសម្រិតសម្រាំងក្នុងការផលិតក្នុងឆ្នាំនេះ និងចាយទុកធំមិនធ្លាប់មានសម្រាប់ផលិតកររូបនេះគឺភាពយន្តរឿង”សំណើច៦៥២គីឡូម៉ែត្រ ដែលត្រៀមចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ។
ទោះជាយ៉ាងណាលោកនៅមិនទាន់មានការបញ្ជាក់អំពីភាពយន្តបែបប្រវត្តិសាស្ត្រថ្មីដែលលោកត្រៀមចូលរួមផលិតនេះនៅឡើយទេ ខណៈដែលពេលនេះផលិតករវ័យ៣២ឆ្នាំរូបនេះក៏បានប្រកាសអំពីការជ្រើសរើសសិល្បករគ្រប់វ័យជាច្រើននាក់ដើម្បីចូលរួមសម្តែងក្នុងភាពយន្តប្រវត្តិសាស្ត្រមួយនេះ ដែលអ្នកមានបំណងចូលរួមសម្តែងអាចទំនាក់ទំនងទៅកាន់ផលិតកររូបនេះបានតាមរយៈគណនីហ្វេសប៊ុករបស់លោកបានផងដែរ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖