ព័ត៌មានទាន់ហេតុការណ៍៖

មេធាវីវ័យក្មេងម្នាក់​ ចុះលេងទឹកសមុទ្របណ្ដាលឱ្យលិចលង់បាត់ខ្លួននៅឆ្នេរអូត្រេះ, ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកជនរងគ្រោះទាំងយប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ បើ​យោង​តាម​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង​នៅយប់ថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ​២០២១ថា៖​ មេធាវីម្នាក់​ ត្រូវបានគេរាយការណ៍ថា បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្តភក្តិមួយក្រុម ហើយក៏ត្រូវរលកបោកបក់យកទៅបាត់ នៅរសៀលថ្ងៃទី៣ ខែសីហានេះ​ ហើយរហូតមកដល់យប់ថ្ងៃនេះ ជនរងគ្រោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែង​បន្តថា រហូតមកដល់ម៉ោងជាង១០យប់ទៅហេីយ កម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ ក្រោយបាត់ខ្លួនកាលពីរសៀលមកម្ល៉េះ។ បន្ថែមពីនេះ​ លោកស្នងការ​ សង្កត់ធ្ងន់ថា៖ ពេលជនរងគ្រោះងូតទឹកលេងជាមួយមិត្តភក្តិ ប៉ុន្តែដោយសារមានរលកធំៗពេក ក៏ទាញជនរងគ្រោះបាត់ទៅ។

ដោយឡែក​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោយមានហេតុការណ៍ខាងលេីនេះ​ កេីត​ឡេីងលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញ តាមស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន ប៉ុន្តែនៅមិនទាន់រកឃើញនោះទេ គិតត្រឹមវេលាម៉ោងជាង១០យប់ថ្ងៃទី៣សីហា។

គួរបញ្ជាក់ថា​ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា​ បា​នបញ្ជាក់ថា មានឈ្មោះ ជូ ជាគុយ អាយុ២៩ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ហើយបានទៅលេងក្រុងព្រះសីហនុជាមួយមិត្តភក្តិ។

បច្ចុប្បន្ន​ប្រតិបត្តិការនៃការស្វែងរកបុរសជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើ ដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុងផងដែរ​៕ដោយ​៖សហការី​


ចែករំលែក៖