ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលបញ្ជាក់ថា,រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៧ ករណី នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញ សេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៧ ករណី នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1,617-2 (Delta) នៅថ្ងៃទី៤ ខែសីហា នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ៣១នាក់ (ស្រី ១៦នាក់) និងលើអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូចទួលសង្កែរាជធានីភ្នំពេញ១នាក់(ប្រុស)ហើយនៅថ្ងៃទី៥ ខែសីហា ប្រទេសកម្ពុជា បានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០២នាក់ (ស្រី០នាក់) ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី១០នាក់) និងពលករមកពីប្រទេសថៃចំនួន ៩នាក់ (ស្រី ៦នាក់) ដែលមានលំអិតក្នុងតារាងខាងក្រោម៖

សូមកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទ ដែលតា (Delta) លើពលករត្រឡប់ពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិក សុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៣២៧នាក់ (ស្រ្តី ១៥៧នាក់) ។

យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននឹងកំពុងបន្តរាតត្បាតវាយលុកចូលក្នុង សហគមន៍របស់យើង ជាពិសេសឧត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តមួយ ចំនួនទៀត ។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវ ដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា បន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេច ខ្លួនឲ្យសោះ ដោយត្រូវចះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា៖ “ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនិងជំងឺកូវីដ ១៩” សំដៅគ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួក ប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។ សូមបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ ៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និងពាក្យ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាម ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើ ចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរព ទៅតាមការណែនាំរបស់ គណៈ កម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយ ធំ។ ជាបន្ថែមសូមកុំទៅកាន់ទីតាំង ៣ “ជ” (កន្លែងមនុស្សជួបជុំច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត គឺជាទីតាំង ដែលមានហានិភ័យឆ្លងខ្ពស់បំផុត រួមមានជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វី មួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋ និងកូន ក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបាន គ្រប់ៗគ្នា។

ទន្ទឹមនឹងនោះដែរក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែល ក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត។ ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវ គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ លើ ៣ការពារ ៣កុំ និងកុំទៅកាន់ទីតាំង ៣ “ជ” ដើម្បី ការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយក មកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្ល ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖