ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងកែច្នៃ១៤០ដើមដែលដកហូតពីពលរដ្ឋ ត្រូវបានមន្ត្រីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដុតកម្ទេចចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១បានធ្វើការដុតកម្ទេចកាំភ្លើងកែច្នៃជាង១៤០ដើមដែលបានដកហូតពីប្រជាពលរដ្ឋក៏ដូចពីអ្នកប្រព្រឹត្តបទល្មើសកន្លងមកនៅក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ។ នេះបើតាមការឱ្យដឹងពីលោក ប៊ុន ផេង ស្នងការរងទទួលបន្ទុកការងារអាវុធជាតិផ្ទុះនិងអគ្គិភ័យ។

  លោកស្នងការរងបញ្ជាក់ថា៖ កាំភ្លើងដែលបានដុតចោលថ្ងៃនេះ គឺជាកាំភ្លើងកែច្នៃពីឈើ មានដូចជាកាំភ្លើងបាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុបជាង១៤០ដើម។ កាំភ្លើងទាំងនេះគឺបានប្រមូលពីប្រជាពលរដ្ឋទាំង៩ស្រុក/ក្រុងក្នុងខេត្តកន្លងមក ដែលប្រព្រឹត្តបទល្មើសនិងអ្នករក្សាទុកដើម្បីបាញ់សត្វផ្សេងៗ តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ។

  ករណីនេះលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា៖ ការដុតកម្ទេចកាំភ្លើងកែច្នៃថ្ងៃនេះ គឺជាការរួមចំណែកធ្វើយ៉ាងណាឱ្យភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ អំពើហឹង្សា និងការប្រើប្រាស់ល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋាន ។

លោកស្នងការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការកែច្នៃ ផលិតឬរក្សាទុកកាំភ្លើងកែច្នៃឬគ្រាប់យុទ្ធភណ្ឌផ្សេងៗ ត្រូវសហការនិងប្រគល់ជូនសមត្ថកិច្ច ហើយបើក្នុងករណីរកឃើញថាមានបទល្មើសនឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖