ក្រោយពីប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាយូរ ទីបំផុតបានរកឃើញក្រុមដែលឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រកួតបាល់ទាត់ផ្នែកនារីហើយ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងកាលពីម៉ោង៧យប់ថ្ងៃទី៦ ខែសីហាម្សិលមិញនៅទីក្រុងតូក្យូ ប្រទេសជប៉ុនសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថាក្រុមជម្រើសជាតិនារីកាណាដាមានឱកាសល្អច្រើនជាងក្រុមជម្រើសជាតិស៊ុយអែត ដោយរកបានគ្រាប់បាល់ស្មើគ្នានៅតង់ទី២។ សម្រាប់ការប្រកួតតង់ទី១ ក្រុមជម្រើសជាតិនារីស៊ុយអែតមានឱកាសរកបាន១គ្រាប់នាំមុខនៅនាទីទី៣៤ ដោយកីឡាការិនី Blackstenius ហើយ១គ្រាប់នេះគឺបន្តរហូតដលចប់តង់ទី១។
ចូលដល់ការប្រកួតតង់ទី២ ក្រុមជម្រើសជាតិនារីស៊ុយអែតបានព្យាយាមសម្រុក និងមានឱកាសស៊ុតបានច្រើនជាងក្រុមជម្រើសជាតិនារីកាណាដា ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបាន ដោយស៊ុតបានចំនួន៣០ដងចំគោលដៅ៦ដង ខណៈដែលក្រុមកាណាដាស៊ុត១៣ដង ចំគោលដៅតែ៤ដងប៉ុណ្ណោះ។ នៅនាទីទី៦៧ កីឡាការិនី Fleming របស់ក្រុមនារីកាណាដារកបាន១គ្រាប់សងវិញដោយស៊ុតបាល់ប៉េណាល់ទី ក្រោយពីកីឡាការិនីស៊ុយអែតធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ហើយលទ្ធផលនេះបានបន្តស្មើគ្នា១ទល់១រហូតដល់ចប់ការប្រកួត និងឈានដល់ម៉ោងបន្ថែមទៀតក៏នៅតែស្មើគ្នាដដែល។
អាជ្ញាកណ្តាលក៏បានសម្រេចផ្តល់បាល់កាត់សេចក្តីដោយប៉េណាល់ទីមួយក្រុម៥គ្រាប់ ហើយទីបំផុតក្រុមជម្រើសជាតិនារីស៊ុយអែតស៊ុតចូលតែ២គ្រាប់ប៉ុណ្ណោះក្នុងចំណោម៥គ្រាប់ ខណៈដែលក្រុមជម្រើសជាតិនារីកាណាដាស៊ុតចូល៣គ្រាប់ក្នុងចំណោម៥គ្រាប់។ លទ្ធផលនេះធ្វើឲ្យក្រុមជម្រើសជាតិនារីកាណាដាយកឈ្នះក្រុមស៊ុយអែតដោយលទ្ធផលប៉េណាល់ទី៣ទល់២ ទទួលបានជើងឯកឈ្នះមេដាយមាសក្នុងការប្រកួតបាល់ទាត់នារីនៅអូឡាំពិកឆ្នាំនេះ។
ជាមួយគ្នានោះក្រុមជម្រើសជាតិនារីស៊ុយអែតបានជើងឯករង ទទួលបានមេដាយប្រាក់ ខណៈដែលក្រុមជម្រើសជាតិនារីអាមេរិកបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធិ។ ចំណែកការប្រកួតបាល់ទាត់ផ្នែកបុរសU23 នៅរសៀលថ្ងៃសៅរ៍នេះគឺជាការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិ U23ប្រេស៊ីលប៉ះជាមួយក្រុមជម្រើសជាតិ U23 អេស្ប៉ាញ ខណៈដែលក្រុមដែលទទួលបានលេខ៣រកឃើញហើយគឺក្រុមជម្រើសជាតិ U23 ម៉ិចស៊ីកូបានមេដាយសំរិទ្ធិ ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះជម្រើសជាតិ U23ជប៉ុនក្នុងលទ្ធផល ៣ទល់១ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)