វិធានការទប់ស្កាត់កូវីដ-១៩ ដូចជាគម្លាតសង្គមជាដើមនោះ នឹងធ្វើឲ្យការថើបថ្ពាល់ស្វាគមន៍គ្នាតាមបែបប្រណៃណីរបស់ជនជាតិបារាំងត្រូវបោះបង់ចោលព្រោះខ្លាចឆ្លងកូវីដ-១៩ ហើយត្រូវជំនួសវិញនូវការស្វាគមន៍គ្នាពីចម្ងាយដោយការលើកដៃ… ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាវិញគឺសំពះសួរគ្នាពីចម្ងាយ។ តាមលទ្ធផលស្ទង់មតិបានបង្ហាញឱ្យឃើញថា ពិធីស្វាគមន៍តាមប្រពៃណីឱបថើបថ្ពាល់អាចនឹងត្រូវគេបំភ្លេចចោលក្រោយកូវីដ-១៩ បានបញ្ចប់។
ថើបថ្ពាល់ ភាសារបារាំង ហៅថា «La Baise» នឹងត្រូវបានផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែង។ កូវីដ-១៩ បានធ្វើឲ្យផ្លាស់ប្តូរដោយសារតែត្រូវនៅគម្លាតពីគ្នា។ ប៉ុន្តែការផ្អាកពិធីស្វាគមន៍តាមប្រពៃណីបែប La Baise យូរៗទៅកា្លយជាទម្លាប់ ដោយការស្វាគមន៍គ្នាពីចម្ងាយងាយស្រួលជាង។
នៅបារាំង ការថើបថ្ពាល់ស្វាគមន៍គ្នា គឺជាប្រពៃណីមានជាយូរយារណាស់មកហើយ ដើម្បីស្វាគមន៍ភ្ញៀវមកលេង។ ប៉ុន្តែប្រពៃនោះបានបាត់ជិតពីរឆ្នាំកន្លងមក ដោយសារតែកូវីដ-១៩ ហើយរដ្ឋាភិបាលបានស្នើដល់ពលរដ្ឋបញ្ចៀសការចាប់ដៃឬថើបប៉ះពាល់រាងកាយគ្នា ដើម្បីបញ្ចៀសការឆ្លងកូវីដ-១៩ ។
ប៉ុន្តែមកទល់ពេលនេះមានពលរដ្ឋបារំាងជាងពាក់កណ្តាលហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំណែកការរឹតត្បិត បិទទ្វារក៏ត្រូវបានលុបចោល ប៉ុន្តែពលរដ្ឋបារាំងពេលជួបគ្នាក៏មិនបានឱបថើបថ្ពាល់ស្វាគមន៍ដូចកាលពីមុនឡើយ ដោយគ្រាន់តែសួរពីចម្ងាយតែប៉ុណ្ណោះ។
លោកស្រី Karine Boutin អ្នកចិត្តសាស្ត្រនៅទីក្រុង Poitiers ស្ថិតនៅតំបន់ភាគខាងលិចប្រទេសបារាំង បានឱ្យដឹងថា«ជំងឺរាតត្បាតកូវិដ-១៩ ធ្វើឲ្យយើងមានអារម្មណ៍ រារែកថាតើគួរតែថើបថ្ពាល់ដែរឬទេ ប៉ុន្តែនៅពេលនេះពលរដ្ឋនឹងមានជម្រើសរបស់ខ្លួន។ មានសំណួរបានចោទសួរថា ការថើបថ្ពាល់នៅថ្ងៃនេះ ដូចថ្ងៃម្សិលដែរឬទេ»។
លោក Adrien Beaujean អាយុ២៦ឆ្នាំ ជនជាតិបារាំង បានលើកឡើងថា ការសួរគ្នាជំនួសថើបថ្ពាល់គឺជារឿងសមស្របបំផុត។ លោក Adrien Beaujean បន្តទៀតថា ការស្វាគមន៍ល្អបំផុតជំនួសការថើបគឺញញឹមដាក់គ្នា ដោយគ្មានអ្វីដែលល្អជាងការញញឹមស្វាគមន៍គ្នានោះឡើយ៕ដោយ៖ ធីរីណា
រូបភាព៖ AFP/Getty Images