ព័ត៌មានទាន់ហេតុការណ៍៖

Bhutan ជាប្រទេសដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានលឿនបំផុតលើពិភពលោក

ចែករំលែក៖

ប្រទេសប៊ូតាន បានក្លាយជាប្រទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ លឿនជាងគេបំផុតនៅលើពិភពលោក ដោយបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានដល់ទៅ ៩០%ក្នុងរយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ។
ប៊ូតានជារាជាណាចក្រតូចមួយដែលមានទីតាំងនៅលើភ្នំហិមាល័យចន្លោះរវាងប្រទេសចិននឹងឥណ្ឌា ដែលមានប្រជាជនតែ៧៧០.០០០ នាក់បានបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូសសម្រាប់មនុស្សពេញវ័យ ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២៥ខែកក្កដា ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ ៤.៨០០នាក់នៅទូទាំងប្រទេស។
ការទទួលបានជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ- ១៩ នៅប៊ូតានគឺដោយសារតែរដ្ឋាភិបាលបានធ្វើសកម្មភាពឆាប់រហ័ស ព្រមទាំងក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្តជួយក្នុងការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់តំបន់ដាច់ស្រយាលបានឆាប់បំផុត។
កាលពីចុងខែកក្កដាតំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោក Will Parks បានសរសើរដល់ភាពជោគជ័យរបស់ប៊ូតានក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ លោកបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំង បានទៅដល់ផ្ទះដែលមានមនុស្សចាស់ ជនពិការភាព អ្នកចិញ្ចឹមសត្វពាហនៈ …។
ប៊ូតានទទួលបានវ៉ាក់សាំងដំបូងបំផុតនៅខែមករាឆ្នាំ២០២១ ប៉ុន្តែរហូតដល់ខែមីនាទើបប្រទេសនេះចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ថ្ងៃចាប់ផ្តើមចាក់វ៉ាក់សាំង គឺត្រូវបានកំណត់យ៉ាងយកចិត្តទុកដាក់តាមរយៈសម្តេចសង្ឃពុទ្ធសាសនានៅក្នុងប្រទេសនេះ។
វ៉ាក់សាំងដូសដំបូងត្រូវបានចាក់ឱ្យស្ត្រីម្នាក់ដែលកើតក្នុងឆ្នាំវក(ស្វា) ហើយដូសទីពីរគឺគិលានុបដ្ឋាយិកាដែលកើតក្នុងឆ្នាំតែមួយដូចគ្នា នៅថ្ងៃទី២៦ខែមីនា។ តាមគេហទំព័រ Worldometers ប៊ូតានមានករណីឆ្លងកូវីដ-១៩តែ២.៥៤៤នាក់ និងស្លាប់ ២នាក់ ដោយកូវីដ-១៩ ៕ដោយ៖ធីរីណា

(ប្រភព៖UNICEF)


ចែករំលែក៖