ខេត្តតាកែវ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅល្ងាចថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១ បានថ្លៃយ៉ាងដូច្នេះថា, កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ ស្រុកបាទីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដែលអ្នកឆ្លងសរុបមានចំនួន ៨៥២ នាក់។ ក្រុមការងារចុះជួយស្រុកបាទីបាននាំយកឧបករណ៍តេស្ដរហ័សអង់ទីហ្សែនកូវីដ-១៩ ដើម្បីយកសំណាកអ្នកពាក់ព័ន្ធទាំងអស់នៅទីតាំងដែលមានការផ្ទុះជំងឺកូវីដ-១៩ ស្របពេលដែលឧបករណ៍តេស្ដរហ័សមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយ។ លើសពីនេះ នៅពេលដែលមានការរកឃើញអំពីករណីឆ្លងនៅក្នុងផ្សារ និងរោងចក្រ ក្រុមការងារបានធ្វើសំណាកបុគ្គលទាំងអស់នៅក្នុងផ្សារនិងរោងចក្រដែលមានការឆ្លង និងអាចញែកដាច់ដោយឡែកអ្នកផ្ទុកវីរ៉ុសកូវីដ-១៩ បានទាន់ពេលវេលា។ ចំណែកអ្នកដែលជាប់ពាក់ព័ន្ធ ក្រុមការងារចុះជួយស្រុកបាទី និងអាជ្ញាធរមូលដ្ឋានបានសហការគ្នារៀបចំទីតាំងចត្តាឡីស័កនៅក្នុងឃុំ ដោយមានការគិតគូរពីបញ្ហាអនាម័យ ទឹកស្អាត និងអគ្គីសនីជូនដល់អ្នកជាប់ចត្តាឡីស័ក ហើយបងប្អូន ឪពុក ម្តាយ ឬសាច់ញាតិអ្នកជាប់ចត្តាឡីស័កជាអ្នកទទួលខុសត្រូវយកបាយនិងម្ហូបអាហារទៅជូនសាច់ញាតិរបស់ខ្លួនដោយមានការសម្របសម្រួលពីអាជ្ញធរមូលដ្ឋាន។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តថា, បន្ថែមពីនេះ ក្រុមការងារចុះជួយស្រុកបាទីបាននាំយក ម៉ាស់ អាល់កុល និងគ្រឿងឧបភោគបរិភោគរួមមាន ត្រីខ មីកំប៉ុង ទឹកស៊ីអីវ ទឹកសុទ្ធ ជាដើម ជូនអ្នកជាប់ចត្តាឡីស័កនៅក្នុងឃុំ និងបានបាញ់អាល់កុលសម្លាប់មេរោគនៅតាមកន្លែងធ្វើចត្តាឡីស័ក ។ ជាលទ្ធផល ស្រុកបាទីបានយកឈ្នះការរីករាលដាលជំងឺកូវីដ-១៩ ហើយនៅពេលនេះកម្រឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានស្រុកបាទីណាស់៕
ដោយ៖ សិលា