ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជិតខាងកម្ពុជា វៀតណាម ថៃ នៅតែមានករណីឆ្លងកូវីដ-១៩ ខ្ពស់ដដែល

ចែករំលែក៖

គិតត្រឹមម៉ោង១៩ថ្ងៃទី៨ខែសីហា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោង កើនឡើងដល់ទៅ៩.៦៩០នាក់។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺ៤.៨៦០នាក់បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យផងដែរ។
ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ថ្មីមានករណីនាំចូលពីក្រៅប្រទេសតែ ៦នាក់ប៉ុណ្ណោះ ។ ទីក្រុងហូជីមិញនៅតែជាតំបន់ឆ្លងខ្ពស់ដដែល មានករណីឆ្លង៣.៨៩៨នាក់ ខេត្តប៊ិញយឿង៣.២១០នាក់ ខេត្តឡុងអាង៧២៤នាក់ ខេត្តដុងណាយ៦១៤នាក់ រដ្ឋធានីហាណូយមាន១១៤នាក់…។
ចំណែកនៅក្នុងប្រទេសថៃវិញក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ ។ ក្រសួងសុខាភិបាលថៃនៅថ្ងៃទី៨ ខែសីហា បានបញ្ជាក់ថា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីរហូតដល់ចំនួន ១៩,៩៨៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនដ៏ច្រើនមួយ។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន១៩,៦៣៣ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៥០ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ១៣៨នាក់បន្ថែមទៀតស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៨,៥០៣នាក់ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីបានជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេសចំនួន ៧៥៦,៥០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៦,១១០នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៣៥,៥១៥នាក់៕

ដោយ៖ ធីរីណា(រូបភាព៖TTXVN )


ចែករំលែក៖