ខេត្តកណ្ដាល៖ នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តឡិចសុីសNX200Tនឹងរថយន្តម៉ាកDAEWO បានពន្លះគ្នាពេញមួយទំហឹង បណ្ដាលឲ្យរថយន្តឡិចសុីសNX200Tខ្ទាតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវឆេះយ៉ាងសន្ធោសន្ធៅ រីឯរថយន្តម៉ាកDAEWOរងការខូចខាតធ្ងន់ធ្ងរ ធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់ នៅត្រង់ចំណុចខាងមុខច្រកចូលបុរីសេរីមង្គល ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា រថយន្តនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលរងការខូចខាតនោះមាន២គ្រឿង ទី១-រថយន្តម៉ាកឡិចសុីសNX200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BO-8772 បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកDAEWO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2D-7735 បេីកបរដោយឈ្មោះ ឡេង គឹមសយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មានអ្នករួមដំណេីរត្រូវជាប្រពន្ធឈ្មោះ បុឹត សុជាតិ ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិឃុំខាងលេី (រងរបួសធ្ងន់ទាំង២នាក់)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកDAEWO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2D-7735 បេីកបរដោយឈ្មោះ ឡេង គឹមសយ និងអ្នករួមដំណេីរត្រូវជាប្រពន្ធឈ្មោះបុឹត សុជាតិ បានបេីកបរក្នុងទិសដៅពីត្បូងទៅជេីង រួចបត់ឆ្វេងត្រឡប់ក្រោយ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាកឡិចសុីសNX200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BO-8772 បេីកបរក្នុងទិសដៅពីជេីងទៅត្បូង ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យរថយន្តឡិចស៊ីសNX200T រេចង្កូតទៅស្តាំរួចក៏បានបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមឆេះយ៉ាងសន្ធោសន្ធៅ (អ្នកបេីកបរគេចខ្លួនបាត់មិនទាន់ស្គាលអត្តសញ្ញាណ ) រីឯរថយន្តម៉ាកDAEWO រងការខូចខាតធ្ងន់ធ្ងរ និងអ្នកបើកបរនិងអ្នកជិះ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងនៅស្រុកស្អាង។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញក្រុងតាខ្មៅ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង រួចកសាងសំណុំរឿងដកហូតយករថយន្តទាំង២គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា មូលហេតុដែលមានគ្រោះថ្នាក់កើតឡើង គឺបណ្ដាលមកពីអ្នកបើកបររថយន្ថម៉ាកDAEWO ពណ៌ខៀវបេីកបត់ឆ្វេងត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន និងអ្នកបេីកបររថយន្ថម៉ាកឡិចសុីសNX200Tបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ ស្អាង ជ័យ