ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អុិត សំហេង ប្រកាសកែសម្រួលសមាសភាពក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីក្រសួងការងារ ក៏បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទសជាតិ និងប្រជាជនពីភ្នក់ភ្លើងសង្រ្គាម ឲ្យរស់រានមានជីវិត និងបានបន្តពួតដៃកសាងខឿនសេដ្ឋកិច្ចជាតិឲ្យមានការរីកចំរើនជាលំដាប់រហូតមកដល់សព្វថ្ងៃនេះ។ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែរួមរស់ជាមួយប្រជាជនគ្រប់កាលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនរត់ចោលប្រជាជនខ្លួនឡើយ។

លោកបណ្ឌិត​ អ៉ិត សំហេង​ មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជាតែងទទួលបានការគាំទ្រពីប្រជាជនក្នុងការបន្តដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទៅ។

លោកប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង ក៏បានលើកឡើងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គឺពិតជាមានអត្ថន័យដ៏ធំធេងក្នុងការកំណត់នូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា សំដៅបន្តឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតសកលនាឆ្នាំ២០២៣ ដើម្បីអនុញ្ញាតឲ្យគណបក្សអាចរក្សាបាននូវតួនាទីដ៏ឧត្តុងឧត្តមក្នុងការបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។

ក្នុងឱកាសនោះដែរ លោក អ៊ុក សមវិទ្យា ដែលទទួលបានការតែងតាំងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ដោយបានទទួលនូវសេចក្តីទុកចិត្ត និងការប្រគល់ភារកិច្ចដ៏ថ្លៃថ្លា ពីសំណាក់ឯកឧត្តមប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង ក្នុងការចូលរួមចំណែកដឹកនាំ កសាង និងពង្រឹងសកម្មភាពគណបក្សនៅក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១។

ឆ្លងតាមការពិសោធន៍ និងសកម្មភាពនៃការចូលរួមចំណែកក្នុងកិច្ចការកសាងបក្សនៅមូលដ្ឋានដែលធ្លាប់បានអនុវត្តកន្លងមក ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ដែលទើបកែសម្រួលសមាសភាពថ្មីនេះ មានជំនឿយ៉ាងមុតមាំក្នុងការធ្វើកិច្ចសហការស្អិតរមួតជាមួយ គណៈកម្មាធិការគណបក្សខណ្ឌ និងគណបក្សសង្កាត់ ដើម្បីពង្រឹងការងារគ្រប់គ្រងសមាជិកគណបក្ស សំដៅឈានទៅសម្រេចនូវយុទ្ធសាស្ត្រ «សមាជិកគណបក្ស ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក» ព្រមទាំងការចូលរួមគ្រប់កិច្ចការនយោបាយ និងសង្គមនៅមូលដ្ឋាន ក្នុងឆន្ទៈលើកស្ទួយ ការពារលទ្ធផល និងកិត្តិនាមជូនគណបក្សប្រជាជនកម្ពុជា។

ដើម្បីជាសក្ខីភាព ឆ្លើយតបទៅនឹងទំនុកចិត្តនៃការប្រគល់ភារកិច្ចថ្មី និងក្នុងស្មារតីដ៏មុតមាំ ក្រុមការងារបានប្តេជ្ញា ក្នុងការសម្រេចភារកិច្ចជូនគណបក្ស ជាពិសេសនៅមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ដោយប្តេជ្ញាបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ក្នុងការអនុវត្តភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវភាពឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ៕

ដោយ៖ សហការី


ចែករំលែក៖