ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៣(ដូសជំរុញ) ជូនគ្រួសារកងទ័ព នៅជួរមុខ កងពលតូចថ្មើរជើងលេខ៥២

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កងពលតូចថ្មើរជើងលេខ៥២ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) វ៉ាក់សាំងប្រភេទ Astra Zeneca (អាស្ត្រាហ្សេណេកា) ជូនគ្រួសារកងទ័ព ដោយឥតគិតថ្លៃ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនដល់គ្រួសារកងទ័ពជួរមុខ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ កងពលតូចថ្មើរជើងលេខ៥២ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ចាក់ជូនដល់កងកម្លាំងជួរមុខ នៅទិសទី៣(សំឡូត)យោធភូមិភាគទី៥ រួមមាន៖ កម្លាំងកងពលតូចថ្មើរជើងលេខ៥២ កងការពារព្រំដែនគោកលេខ៥០២ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៣-៣១០ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង រួចជាស្ថាពរ។

ក្នុងកិច្ចដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣(ដូសជំរុញ) ចាក់ជូនគ្រួសារកងទ័ពនេះ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង ពលទាហាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលជាស្ថាបនិកមគ្គទេសក៍ឯក នៃសន្ដិភាព បានដឹកនាំប្រទេសជាតិ មានការរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលកម្ពុជាមិនដែលមាន។

ដោយឡែកបញ្ហាវិបត្តិកូវីដ-១៩នេះ ដែលកំពុងឆ្លងរីករាលដាលនៅជុំវិញពិភពលោក ដែលកំពុងប្រឈមជាសកល ក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំរិះរកគ្រប់មធ្យោបាយ រកប្រភពវ៉ាក់សាំងការពារមេរោគ ដើម្បីចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឱ្យបានរួចផុតពីជំងឺកូវីដ-១៩ ។

ជាចុងក្រោយ លោកមេបញ្ជាការកងពល បានផ្ដាំផ្ញើ ដល់បងប្អូនគ្រួសារកងទ័ពទាំងអស់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣(ដូសជំរុញ)នេះរួច ត្រូវយកចិត្តទុកដាក់អនុវត្តតាមការណែនាំ របស់ក្រុមគ្រូពេទ្យ និងបន្ដអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖