ខេត្តកណ្តាល៖ បើយោងតាមរដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ឲ្យដឹងថា , លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវជន អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ។ ការចុះត្រួតពិនិត្យនេះបានធ្វើឡើង នៅមណ្ឌលសុខភាព ដំណាកអំពិល ស្រុកអង្គស្នួល ខេត្តកណ្តាលនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។
លោកអភិបាលរងខេត្តបានអំពាវនាវដល់មាតា បិតា អាណាព្យាបាល របស់កុមារនិងយុវជន ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំ ត្រូវជំរុញកូន ចៅ ទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ អោយបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីជំងឺដ៍កាចសាហាវនេះ ដោយមិនយកប្រាក់នោះឡើយ ហើយយុទ្ធនាការនេះធ្វើឡើងដើម្បី បញ្ចប់ឫសគល់នៃជំងឺ កូវីដ-១៩។
ក្នុងការចុះពិនិត្យការចាក់វ៉ាក់សាំងនេះដែរ លោកអភិបាលរងខេត្តបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ក្រុមយុវជន ព្រមទាំងមាតា បិតា អាណាព្យាបាល កុមារនិងយុវវ័យ ទាំងអស់ ដែល បានចូលរួមដោយស្ម័គ្រចិត្តមកចាក់វាក់ សាំង ដែលជាការរួមចំណែកក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ ព្រោះថាក្នុងដំណាក់កាលបច្ចុប្បន្ន ពិភពលោក ក៏ដូចជាកម្ពុជា កំពុងទទួលរងនូវការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីមានឈ្មោះ (ដែលតា) ដែលមានការចំលងលឿនជាងមេរោគមុនៗ ធ្វើឲ្យអត្រាអ្នកឆ្លង និងស្លាប់កាន់តែមានចំនួនច្រើនឡើង។ ដូច្នេះ មានតែការចាក់ វ៉ាក់ សាំងទេ ដែលជាជម្រើសទី១ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សមិនឱ្យឈឺធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
លោកបានក្រើនរំលឹកឲ្យបងប្អូន ប្រជាពលរដ្ឋ និងក្មួយៗ គ្រប់រូប កុំភ្លេចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានល្អ គឺ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ជាប្រចាំផងដែរ សូមចូលរួមទាំងអស់គ្នា ដោយពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលដែលអ្នកចេញក្រៅផ្ទះ ឬ បើមិនចាំបាច់ សូមកុំចេញក្រៅផ្ទះ ។
សូមបញ្ជាក់ថា៖-អ្នកវិជ្ជមានទូទាំងស្រុកមានចំនួនសរុប៖ ២,៤៥២ នាក់, ស្រី ១,៣៩០ នាក់ (វិជ្ជមានថ្មី ០១ នាក់, ស្រី ០១នាក់)
-បានព្យាបាលឲ្យជាសះស្បើយសរុបចំនួន៖ ២,៤១០ នាក់, ស្រី ១,៣២៩ នាក់ (ជាសះស្បើយថ្មី ១៩ នាក់, ស្រី ១០ នាក់)
-ករណីស្លាប់សរុបចំនួន៖ ២២ នាក់ ស្រី ១២ នាក់ (ស្លាប់ថ្មី ០០ នាក់, ស្រី ០០ នាក់ ) ។
-អ្នកវិជ្ជមានកំពុងបន្តសម្រាកព្យបាលនៅមណ្ឌលព្យាបាលកម្រិតស្រាលទូទាំងស្រុកអង្គស្នួល ៣០ នាក់, ស្រី ១៦ នាក់ ។ ក្នុងនោះ៖
-មណ្ឌល បឋម.កុយ តិប៖ ៣០ នាក់, ស្រី ១៦ នាក់
-មណ្ឌលអនុវិ.បែកចាន៖ ០០ នាក់, ស្រី ០០ នាក់ -អ្នកកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលបឋម.អង្គពពាយ សរុប៖ ០៨ នាក់, ស្រី ០៥ នាក់ (ថ្មី ០៤ នាក់, ស្រី ០៣ នាក់ ), បញ្ចប់ និងអនុញ្ញាតឲ្យចេញ៖ ០០ នាក់, ស្រី ០០ នាក់ ។
-យុវជនមានអាយុ១៨ឆ្នាំឡើង៖មានចំនួន ៨៤,៤១២ នាក់, ស្រី ៤៧,៧៣៦ នាក់។ពលករចំណាកស្រុកទៅប្រទេសថៃ៖ មានចំនួន ១៣២ នាក់-វិលត្រឡប់វិញ៖ ០៨ នាក់, ស្រី ៥ នាក់ ៕
ដោយ៖ សិលា