ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ០៣នាក់ទៅតុលាការពាក់ព័ន្ធនិឹងអំពើលួចមានស្ថានទម្ងន់ទោសនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២១។យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៣ នាក់នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវគីមអុីលស៊ុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (គាស់តូបលក់កាហ្វេលួចសម្ភារ) ប្រព្រឹត្តនៅចំណុចកែងផ្ទះលេខ៤៣មុខផ្សារសាមគ្គី ផ្លូវម៉ៅសេទុង ក្រុម១១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០០ និង ២៦ នាទី រំលងអធ្រាត្រ និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីសាកសួរនិងចាត់ការតាមនិីតិវិធីមាន៖ ១-ឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ២-ឈ្មោះ សែន រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ និង៣-ឈ្មោះ ខេង ឡាឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ។ក្នុងនោះភស្តុតាងចាប់យកមានម៉ាស៊ីនឆុងកាហ្វេចំនួន១គ្រឿង និងម៉ាស៊ីនកិនកាហ្វេចំនួន ០១គ្រឿង ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ទី ឈនបូផា ភេទស្រី អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៨ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សម្ភារបាត់បង់ម៉ាស៊ីនឆុងកាហ្វេចំនួន១គ្រឿង និងម៉ាស៊ីនកិនកាហ្វេចំនួន១គ្រឿង។
ហេតុការណ៍ៈ កាលពីថ្ងៃទី០៩ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០០ និង២៦នាទី រំលងអធ្រាត្រ មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (គាស់តូបលក់កាហ្វេលួច សម្ភារ) ប្រព្រឹត្តនៅចំណុចកែងផ្ទះលេខ៤៣មុខផ្សារសាមគ្គី ផ្លូវម៉ៅសេទុង ក្រុម១១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន៣ នាក់ គឺឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន , ឈ្មោះ ខេង ឡាឌីនិងឈ្មោះ សែន រតនា។ នៅពេលនោះជនសង្ស័យឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន បានយកទួណឺវីស ទៅគាស់ទ្វារតូបលក់កាហ្វេរបស់ជនរងគ្រោះ នៅចំណុចកើតហេតុខាងលើបានសម្រេច រួចហើយជនសង្ស័យបានចូលទៅក្នុងតូបលួចយកប្រាក់ចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀល) និងកង្ហារបញ្ឈរចំនួន១ ទើបចេញពីក្នុងតូបលក់កាហ្វេមកវីញបម្រុងគេចខ្លួន ពេលនោះជនសង្ស័យឈ្មោះ ខេង ឡាឌី ជិះកង់មកដល់ក៏បានជួបជនសង្ស័យឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ហើយឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន បានប្រាប់ទៅឈ្មោះ ខេង ឡាឌីថា តូបកាហ្វេនេះវាយកទួណឺវីសទៅគាស់ទ្វាររួចហើយចូលលួចបានប្រាក់ចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀល) និងកង្ហារបញ្ឈរចំនួន១ រួចឈ្មោះ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ក៏គេចខ្លួនបាត់ទៅ។ បន្ទាប់មកជនសង្ស័យឈ្មោះ ខេង ឡាឌី បានចូលទៅក្នុងតូបកាហ្វេឃើញម៉ាស៊ីនឆុងកាហ្វេ វាបម្រុងលួចយក ប៉ុន្តែវាលើកពុំរួច ក៏ចេញមកវិញជិះកង់ទៅដល់រង្វង់មូលទួលគោក ក៏បានជួបឈ្មោះ សែន រតនា ហើយក៏បបួលគ្នាត្រឡប់មកកន្លែងកើតហេតុវិញរួចនាំគ្នាចូលទៅលួចយកយកម៉ាស៊ីនឆុងកាហ្វេ ពីតូបលក់កាហ្វេរបស់ជនរងគ្រោះបានសម្រេចលើកដាក់លើកង់រួចនាំគ្នាគេចខ្លួនបាត់ទៅ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា