ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោង រដ្ឋសក្កិ ដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក OKADA Naoya លេខាទី២ ទទួលបន្ទុកវិស័យកសិកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Nabeshima Katsuhito ស្ថាបនិកក្រុមហ៊ុន Yamato Green

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក ថោង រដ្ឋសក្កិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក OKADA Naoya លេខាទី២ ទទួលបន្ទុកវិស័យកសិកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Nabeshima Katsuhito ស្ថាបនិកក្រុមហ៊ុន Yamato Green ដើម្បីពិភាក្សាលើការរៀបចំគម្រោងកសិ-ទេសចរណ៍នានា ដើម្បីជំរុញការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការជំរុញបង្កើតផលិតផលកសិ-ទេសចរណ៍ថ្មីៗ ការជំរុញអភិវឌ្ឍន៍ខ្សែក្រវាត់បៃតង (Green Belt) និងជំរុញតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ (Value added)។
សូមជម្រាបផងដែរថាកន្លងមក ក្រសួងទេសចរណ៍បានចុះអនុស្សារណៈនៃការយោគយល់គ្នាជា មួយក្រុមហ៊ុន YAMATO Green កាលពីខែកញ្ញា ឆ្នាំ២០២០ ដោយមានគោលបំណងជំរុញការអភិវឌ្ឍន៍ខែ្សក្រវាត់បៃតង ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ កសិ-ទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍/អេកូទេសចរណ៍នៅកម្ពុជា។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំគម្រោងសាកល្បងកិស-ទេសចរណ៍ និងការដាំដុះទំនើប (Green House) នៅស្រុកបារាយ៍ខេត្តកំពង់ធំ ដើម្បីសិក្សានិងរៀបចំជាបណ្តើរៗនូវការវិវត្តន៍នៃវិស័យកិស-ទេសចរណ៍តាមរយៈការដាំដុះបន្លែ/ផ្លែឈើធម្មជាតិសុវត្ថិភាពតាមបែបទំនើប សំដៅបំផុសគំនិត និងសម្រួលដល់ជីវភាពប្រជាជនមូលដ្ឋាន និងបានកំពុងភ្ជាប់គម្រោងដាំដុះបន្លែ/ផ្លែឈើធម្មជាតិសុវត្ថិភាពតាមបែបទំនើបរបស់ក្រុមហ៊ុន YAMATO Green ជាមួយវិនិយោគិនដែលជាសមាជិកនៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖