ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីបន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋភ្លាម លោកវរសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារ បានបញ្ជាកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានឱ្យទៅធ្វើការបង្រ្កាបករណីលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់+អាប៉ោង) នៅចំណុចក្រោយភូមិក្តុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នៅពេលកម្លាំងសមត្ថកិច្ចយើងទៅដល់ទីតាំងខាងលើ ក្រុមអ្នកលេងល្បែងទាំងនោះបាននាំគ្នារត់គេចខ្លួនចូលព្រៃបាត់អស់ទៅ ។
ក្នុងប្រតិបត្តិការបង្ក្រាបល្បែងសុីសងនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ កន្ត្រកដាក់មាន់ចំនួន៧, កៅអីជ័រចំនួន១៥, ជញ្ជីងថ្លឹងមាន់ចំនួន១, ហាន់តោ+តុ អាប៉ោង, ម៉ូតូថ្មី-ចាស់៣១គ្រឿង, សម្ភារបម្រើការសម្រាប់លេងល្បែងមួយចំនួន, រនាំងហ៊ុមព័ទ្ធដែលសម្ភារទាំងនេះត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង ។
ចំណែកវត្ថុតាងផ្សេងទៀតដែលនៅសល់ក្រៅពីដុតបំផ្លាញចោលត្រូវបានដឹកយកមករក្សាទុកនៅអធិការដ្ឋាន ។ចំពោះមុខសញ្ញាលេង និងអ្នកបើកល្បែងសុីសងខាងលើ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ ៖ វណ្ណៈ