ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមកពីក្រោយបុករួចបន្តទៅបុកទូលក់បាយរងរបួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងក្បាលល្ងាចបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរបន្ទាប់ពីស្ត្រីម្នាក់ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវបានម៉ូតូដែលបើកស្របគ្នាមកពីក្រោយបុកពេញទំហឹងរួចជ្រុលចង្កូតទៅបុកទូលក់បាយ-ម្ហូបរងរបួសមនុស្ស២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិចក ឃុំ កំពង់ចក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីដែលបើកម៉ូតូបង្កហេតុមានឈ្មោះ ស៊ុន ស្រីពៅ អាយុ៣១ឆ្នាំ រស់នៅ ភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង(របួសធ្ងន់)  ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១H-១៥៤៥។
ចំណែកភាគីរងគ្រោះមានឈ្មោះគឹម ចំរើន អាយុ៣១ឆ្នាំ រស់នៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង (របួសស្រាល) ជិះម៉ូតូ ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១L-៩៥៦៦។

បើតាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១H-១៥៤៥ក្នុងទិសដៅពីជើងទៅត្បូង ហើយខណ:នោះបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១L-៩៥៦៦មកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងរួចបន្តជ្រុលចង្កូតទៅបុកទូលក់បាយលក់ម្ហូបបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នករងរបួសទាំង២នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖