ភ្នំពេញ៖ រថយន្តធុនធំដឹកចំណីសត្វសង្ស័យអ្នកបើកបរងោកមួយភាំងបានរ៉េចង្កូតបុករបាំងថ្មរួចធ្លាក់ចូលប្រឡាយលូទឹកស្អុយ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក HYUNDAI ជាប្រភេទរថយន្តធុនធំ ពាក់ស្លាកលេខ ភ្នំពេញ3B-2587 សណ្តោងរ៉ឺម៉កដែលមានស្លាកលេខ កំពុងចាម 4A-0114 បើកបរដោយបុរសម្នាក់ និងមានអ្នករួមជាព្រូឡានម្នាក់។
ប្រភពព័ត៌មានពីអ្នកបើករថយន្តបានសមត្ថកិច្ចឲ្យដឹងថា ខ្លួនបើកបររថយន្តធុនធំតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែ ងោកមួយភាំង បណ្តាលឲ្យរ៉េចង្កូតមកខាងឆ្វេង និងបណ្តាលឲ្យបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលធ្លាក់ចូលប្រឡាយលូទឹកស្អុយ នឹងចំណីសត្វចូលទឹកស្អុយជាច្រើនបាវ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកបករថយន្ត និងព្រូឡានទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីសួរនាំចំណែករថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ ចុះស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ