ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូបានឈ្លោះប្រកែកគ្នាស្ទេីរតែរាល់ថ្ងៃ និងកេីតមានហិង្សាធ្វេីឲ្យបុរសជាឪពុកចូលទៅឃាត់ តែត្រូវកូនប្រសាប្រុសជាទាហានជេីងទឹកចាក់ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះល្វែងមួយកន្លែង ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
ជនរងគ្រោះត្រូវជាឪពុកក្មេក(ស្លាប់)មានឈ្មោះ ប៊ុន វណ្ណា អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ។
ចំណែកកូនប្រសាជាជនដៃដល់មានឈ្មោះ ហេង សៅរស្មី អាយុ៣១ឆ្នាំ មុខរបរជាទាហានជើងទឹក មានប្រពន្ធឈ្មោះ ប៊ុន សូហ្វែរ អាយុ ២៨ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ។
យោងតាមសម្ដីបុរសម្នាក់ដែលត្រូវជាកូនប្រសារបស់ជនរងគ្រោះដូចគ្នា និងសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បងថ្លៃរួមនឹងប្ដីបានឈ្លោះប្រកែកគ្នា ហេីយនៅព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល ប្ដីប្រពន្ធមួយគូនេះបានឈ្លោះគ្នានិងប្រេីហិង្សាទៀត ពេលនោះឪពុកបានចូលទៅឃាត់ ស្រាប់តែកូនប្រសាប្រុសនោះបានយកកាំបិតចុងស្រួចចាក់ទៅលើឪពុកក្មេកជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ។ ភ្លាមៗនោះដែរបុរសជាប្តីរួមនឹងប្រពន្ធត្រូវជាកូនបង្កើតក៏បានប្រញាប់ប្រញាល់នាំគ្នាដឹកឪពុកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហៅពេទ្យរុស្ស៊ី តែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេកលោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ បន្ទាប់មកពីរនាក់ប្ដីប្រពន្ធខាងលេីបានខលប្រាប់ក្រុមគ្រួសារថា ឪពុកបានស្លាប់បាត់បង់ជីវិតទៅហើយ ទេីបខាងក្រុមគ្រួសាររាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលបឹងទំពុនទី២ ឲ្យដឹងដំណឹងនេះតែម្ដង ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានថាមានករណីហិង្សាបណ្ដាលឲ្យឪពុកក្មេកស្លាប់ សមត្ថកិច្ចជំនាញបានចុះទៅឃាត់ខ្លួនជនដៃដល់ត្រូវជាកូនប្រសាយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលបឹងទំពុន២ និងសហការជាមួយសមត្ថកិច្ចជំនាញខណ្ឌមានជ័យ ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកពិនិត្យកន្លែងកើតហេតុ ។ ក្រោយមកសមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើនេះគឺជាករណីហិង្សាបណ្ដាលឲ្យឪពុកក្មេកស្លាប់ ដោយសារតែកូនប្រសាចាក់ឪពុកក្មេកជាច្រើនកាំបិត ។ បន្ទាប់ពីពិនិត្យសពរួចរាល់ហើយសមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់សព ឱ្យទៅក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ។
ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះតែងតែឮ និងឃើញឈ្លោះប្រកែកគ្នាស្ទើរតែរៀងរាល់ថ្ងៃ ហើយនៅថ្ងៃកេីតហេតុក៏កេីតរឿងរហូតឪពុកក្មេកចូលទៅឃាត់ ធ្វេីឲ្យកូនប្រសាប្រុសជាទាហានជេីងទឹកខឹងក៏យកកាំបិតចុងស្រួចចាក់ឪពុកក្មេករហូតដល់ស្លាប់បែបនេះទៅ៕
ដោយ ៖ ភារ៉ា ដង្កោ