ភ្នំពេញ៖ ផេកដែលឈ្មោះ(វេជ្ជបណ្ឌិត កម្ពុជា) បានបង្ហោះថា, មន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងថា អាការៈរោគដ៏កម្រ #ទ្រីកូប៊ីហ្សូអារ ឬ សំណុំដុំសក់ក្នុងក្រពះ (gastric trichobezoar or hairball) មិនមែនជាជំងឺទេ តែជាសំណុំសរសៃសក់ ដែលកុមារ ឬក្មេងជំទង់ (ពិសេសក្មេងស្រី) បានលេបសរសៃសក់ មួយថ្ងៃបន្តិចម្តងៗ ចូលទៅក្នុងក្រពះ ដោយហេតុផលណាមួយ ដែលជាទូទៅទាក់ទងនឹងការប្រែប្រួលខុសប្រក្រតីនៃផ្លូវចិត្តរបស់ក្មេង។
ហើយបន្តិចម្តងៗ បង្កើតបានជាដុំសក់ក្រាំងក្រញាញ់ចូលគ្នា នៅក្នុងក្រពះ សំណុំដុំសក់នេះ មិនរលាយក្នុងក្រពះទេ តែវាក្លាយជាដុំកាន់តែធំអាចបណ្តាលឲ្យស្ទះក្រពះ រលាកក្រពះ ដំបៅក្រពះ និងអាចហូរឈាមឬធ្លាយក្រពះក៏មាន ។
កុមារីអាយុ៨ឆ្នាំម្នាក់នេះ មានអាការៈ ឈឺចុកពោះនិងដុំពោះ អស់រយៈពេលជាង២ខែមកហើយ ការថតឆ្លុះក្រពះដោយម៉ាស៊ីនMRI និងឆ្លុះក្រពះដោយហ្វីប្រូស្កូប (fibroscopy) បានរកឃើញដុំសក់ក្នុងក្រពះយ៉ាងធំ ហៅថាទ្រីកូប៊ីហ្សូអារ (trichobezoar) ដែលក្មេងស្រីនេះបានលេបសក់ខ្លួនឯងបន្តិចម្តងៗជាច្រើនខែមកហើយ បណ្តាលឲ្យស្ទះក្រពះ រលាកនិងដំបៅក្រពះទៀតផង ។
ក្រុមគ្រូពេទ្យវះកាត់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានវះចោះក្រពះ យកសំណុំដុំសក់យ៉ាងធំនេះចេញពីក្រពះកុមារីដ៏កំសត់នេះ បានដោយជោគជ័យ។
រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕
រូបភាព៖ មន្ទីរពេទ្យគន្ធបុប្ជា